Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារព័ត៌មានអាមេរិក ៖ ​CEO ក្រុមហ៊ុន ExxonMobil នឹងក្លាយជា​រដ្ឋមន្ត្រីការបរទេស​អាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ

11-12-2016 12:20

(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិកថ្មី លោក​ ដូណាល់ ​ត្រាំ ទំនងជាបានសម្រេចចិត្ត ហើយក្នុងការតែង តំាងនាយកប្រតិបត្តិ ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំមួយនៅលើពិភពលោក គឺលោក រិច ធៀលលឺ សុន (Rex Tillerson​) ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី។ នេះបើតាមការចេញផ្សាយ របស់ស្ថានីយ៍ទូរទស្សន៍ NBC​ ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦។

ការជ្រើសរើស លោក ធៀលលឺសុន សម្រាប់តំណែងជារដ្ឋមន្ត្រីការបទេស គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ត្បិតការតែង តាំងនេះក៏ធ្លាប់ត្រូវបានក្រុមអ្នកជំនាញ និងសារព័ត៌មានអាមេរិកជាច្រើន រំពឹងទុកផងដែរ។ ក៏ប៉ុន្តែ អ្វីដែលគេចង់ដឹងនោះ ថាតើនឹងមានអ្វីកើតឡើងចំពោះ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ពីព្រោះ បុរសវ័យ ៦៤ឆ្នាំ រូបនេះ ដែលមានបទពិសោធ និងសមត្ថភាពខ្ពស់ ក្នុងការធ្វើកិច្ចចរចាជាលក្ខណៈអន្តរជាតិ ត្រូវបានគេចាត់ទុកថាជា មនុស្សម្នាក់មាន ទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ដោយឡែកបើតាមស្ថានីយ៍ ទូរទស្សន៍NBC លោក ដូណាល់ ត្រាំ គួរតែអាចនឹងប្រកាស ជាផ្លូវការពីការតែងតំាង លោក រិច ធៀលលឺសុន ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីនៅសប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កន្លងទៅ លោក ដូណាល់ ត្រាំ ក៏បានតែងតាំង មិត្តចាស់ម្នាក់របស់ប្រធានាធិបតីចិន លោក ស៊ីជិន ពីង គឺអភិបាលរដ្ឋ Iowa លោក ធែរី ប្រេនស្តាត (Terrey Branstad) ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំទីក្រុង ប៉េកាំង ផងដែរ៕