(ន័រវេស)៖ ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos បានឡើងទទួលពានរង្វាន់ណូបែលសន្តិភាពហើយនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីគណៈកម្មាធិការណូបែលន័រវេស បានធ្វើការប្រកាសកាលពីដើមខែតុលាកន្លងទៅថា លោក Santos គឺជាម្ចាស់ជ័យលាភីសម្រាប់កិច្ចខិតខំប្រឹងប្រែងយ៉ាងមុះមុតរបស់លោកក្នុងការបញ្ចប់សង្រ្គាមផ្ទៃក្នុងជាមួយពួកឧទ្ទាម Marxist នៅក្នុងប្រទេសកូឡុំប៊ី ដែលបានអូសបន្លាយអស់រយៈពេលជាង៥០ឆ្នាំ និងបាន សម្លាប់ប្រជាជនយ៉ាងហោចណាស់ ២២០,០០០នាក់ និងធ្វើឲ្យជិត៦លាននាក់គ្មានទីជ្រកកោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងឱកាសនោះលោក Juan Manuel Santos ទទួលបានមេដាយមាសចំនួនមួយរួមនិងប័ណ្ណកិត្តិយសព្រមទាំងសែកមួយសន្លឹកដែលមានទឹកប្រាក់ចំនួន៨៧០,០០០ដុល្លារ នៅឯពិធីប្រគល់រង្វាន់ដែលបានប្រព្រឹត្តក្នុងសាលាក្រុង អូស្លូប្រទេសន័រវេស។ ជាមួយគ្នានេះដែរ ពានរង្វាន នេះក៏ត្រូវបានចាត់ទុកថា ជាសេចក្តីគោរពមួយ ចំពោះជនរួមជាតិកូឡុំប៊ីទាំងអស់ ដែលបានតស៊ូរនឹងភាពលំបាក ហើយទោះជាយ៉ាងណាមិនបានបោះបង់ចោលនូវក្តីសង្ឃឹម សម្រាប់សន្តិភាពនោះឡើយ និងចំពោះភាគីទាំងឡាយបានចូលរួមចំណែកក្នុងដំណើរការ នៃការឈានទៅដល់ការសម្រេចបានសន្តិភាពនៅក្នុងប្រទេសកូឡុំប៊ីផងដែរ។
គណៈកម្មាធិការណូបែលន័រវេស ក៏បានកោតសសើរលោក Santos ដោយមិនដាច់ពីមាត់ថែមទៀតផងថា គឺជាកម្លាំងរុញច្រាននៅពីក្រោយកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកាកន្លងទៅនេះ ដោយរដ្ឋាភិបាលកូឡុំប៊ី និងពួកឧទ្ទាម FARC។
គួរបញ្ជាក់ដែរថា ពានរង្វាន់ណូបែលសន្តិភាព គឺស្ថិតនៅក្នុងចំណោមពានរង្វាន់ណូបែលពិភពលោកទាំងប្រាំរួមមាន ផ្នែកគីមីវិទ្យា ផ្នែករូបវិទ្យា ផ្នែកឱសថសាស្រ្ត ឬថ្នាំពេទ្យ និងផ្នែកអក្សរសាស្រ្ត ដែលត្រូវបានបង្កើតឡើងដោយលោក Alfred Nobel ហើយវាត្រូវបានប្រគល់ជូនជារៀងរាល់ឆ្នាំទៅឲ្យជន ទាំងឡាយណាដែលបាន ខិតខំប្រឹងប្រែងដើម្បីភាតរភាពរវាងប្រជាជាតិនិមួយៗ, ដើម្បីលុបបំបាត់ចោល ឬក៏កាត់បន្ថយកម្លាំងកងទ័ព និងដើម្បីសម្រេចបានឬលើកស្ទួយសន្ធិសញ្ញាសន្តិភាព៕៕