(វ៉ាស៊ីនតោន)៖ កងទ័ពបន្ថែមរបស់សហរដ្ឋអាមេរិកចំនួន ២០០នាក់ទៀត នឹងត្រូវបញ្ជូនទៅកាន់ប្រទេសស៊ីរីដើម្បីជួយគាំទ្រ និងបំពាក់បំប៉នកងកម្លាំងនៅទីនោះក្នុងការវាយកម្ចាត់ពួករដ្ឋអ៉ឺស្លាម ISIS ចេញពីទីក្រុង Raqqa ដែលត្រូវបានពួកសកម្មយុទ្ធដ៏សាហាវឃោរឃៅនេះ អះអាងថាទីក្រុងរបស់ពួកគេផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទស្តីពីបញ្ហាសន្តិសុខដែលប្រារព្ធឡើងនៅទីក្រុងម៉ាណាម៉ា (Manama) នៃប្រទេសបារ៉ែន (Bahrain) លោក Ash Carter បានបញ្ជាក់ថាកងទ័ពជំនួយខាងលើដែលអាមេរិក នឹងបញ្ជូនទៅកាន់ប្រទេសស៊ីរីនោះនឹងមានរួមបញ្ជូលទាំងកម្លាំងប្រតិបត្តិការពិសេស, អ្នកបណ្តុះបណ្តាល, អ្នកផ្តល់ប្រឹក្សា, និងក្រុមឯកទេសខាងដោះគ្រឿងផ្ទុះ ដើម្បីជួយក្នុងកិច្ចការជ្រើសរើសកម្លាំងបន្ថែមក៏ដូចជាត្រៀមលក្ខណៈ ដើម្បីធ្វើការប្រយុទ្ធតទល់ជាមួយនឹងពួករដ្ឋអ៉ឺស្លាម ISIS នៅក្នុងតំបន់ ខណការបញ្ជូនកងទ័ពបន្ថែមនេះទទួលបានការឯកភាពពីសំណាក់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីសប្តាហ៍មុននេះ។
លោក Ash Carter បានថ្លែងទៀតថា «ដោយសារការរួមសហការគ្នារវាងកងកម្លាំងរបស់យើងជាមួយនិងដៃគូពួកយើងបានវាយខ្ទប់ពួក ISIS ស្ទើរតែគ្មានផ្លូវដកដង្ហើមរស់បានឡើយដោយបានធ្វើការដាក់សំពាធពីគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ តាមរយៈសកម្មភាពរុញច្រានឥតឈប់ឈរ»។
គួរបញ្ជាក់ថា ទីក្រុង Raqqa របស់ប្រទេសស៊ីរី និងទីក្រុង Mosul របស់ប្រទេសអ៉ីរ៉ាក់ គឺជាមូលដ្ឋានស្នូលចុងក្រោយគេបង្អស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកក្រុមរដ្ឋអ៉ឺស្លាម ISIS នៅក្រោយពេលដែលពួកគេបានបាត់បង់តំបន់កាន់កាប់ជាច្រើនកន្លែងនៅក្នុងប្រទេសទាំងពីរនេះជាបន្តបន្ទាប់រហូតមកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕