(បាងកក)៖ ប្រជាពលរដ្ឋថៃជិត ៧លាននាក់ដែលត្រូវចាត់ចូលជាថ្នាក់ «ជនទីទាល់ក្របំផុត» កំពុងនាំគ្នាទៅបើកប្រាប់ឧបត្ថម្ភនៅតាមបណ្តាធនាគាររបស់រដ្ឋាភិបាលទូទាំងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលយោធាថៃបានចេញសេចក្តីប្រកាសអំពីការចែកលុយឧបត្ថម្ភ ដែលមានទឹកប្រាក់សរុបចំនួន ១៩ពាន់លានបាត (៥៣២.៦លានដុល្លារ)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
នៅក្រោមលក្ខខណ្ឌដែលកំណត់ដោយក្រសួងហិរញ្ញវត្ថុថៃ ជនណាដែលមានប្រាក់ចំណូលប្រចាំឆ្នាំមិនលើសពី ៣០,០០០បាតទេនោះ (៨៥៧ដុល្លារ) នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣,០០០បាត (៨៥.៧ដុល្លារ) ហើយអ្នកដែលរកចំណូលបានច្រើនជាង ៣០,០០០បាត ប៉ុន្តែតិចជាង ១០០,០០០បាត (ប្រហែល ២,៨៥៧ដុល្លារ) ក្នុងមួយឆ្នាំៗវិញ នឹងទទួលបានលុយជំនួយចំនួន ១,៥០០បាត (ប្រហែល ៤២.៨ដុល្លារ)។
ចាប់ផ្តើមពីថ្ងៃសៅរ៍នេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦ ជនក្រីក្រទាំងឡាយណាដែលស្របតាមលក្ខខណ្ឌ អាចទៅបើកប្រាក់ឧបត្ថម្ភតាមរយៈម៉ាស៊ីន ATMs ដែលមាននៅគ្រប់ទីកន្លែងទូទាំងប្រទេសបានពីធនាគាររបស់រដ្ឋាភិបាលរួមមាន ធនាគារជាតិកសិកម្ម, ធនាគារក្រុងថៃ, និងធនាគារប្រាក់សន្សំ GSB។
បើយោងតាមមន្រ្តីនៃក្រសួងខាងលើប្រជាជនថៃប្រមាណជា ៨.២៧លាននាក់ បានចុះឈ្មោះនៅក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់ជនក្រីក្រនៅទូទាំងប្រទេសនេះ ប៉ុន្តែមានមនុស្សចំនួន ៦.៩៨លាននាក់តែប៉ុណ្ណោះដែលបានឆ្លងផុត ការត្រួតពិនិត្យរបស់អាជ្ញាធរហើយមានលក្ខណៈត្រឹមត្រូវក្នុងការទទួលបានប្រាក់ជំនួយឧបត្ថម្ភ។
ដោយឡែកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថាការដែលរដ្ឋាភិបាលបានសម្រេចចិត្តចែកប្រាក់ជូនពលរដ្ឋក្រីក្របែបនេះ គឺមិនមែនជាយុទ្ធនាការដែលធ្វើឡើងក្នុងគោលបំណងកេងចំណេញនយោបាយនោះឡើយ វាគ្រាន់តែជាមធ្យោបាយមួយដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនថៃទីទាល់ក្រប៉ុណ្ណោះ៕