(សេអ៊ូល)៖ នៅក្នុងរយៈពេលជិតពីរខែមកហើយនេះ ជារៀងរាល់ចុងសប្តាហ៍ប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺនរាប់សែននាក់តែងតែរួមគ្នាប្រមូលផ្តុំនៅចំកណ្តាលបេះដូងនៃរដ្ឋធានីសេអ៊ូល ដើម្បីធ្វើការតវ៉ាទាមទារឲ្យប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី ផាក គឺនហេ ចុះចេញពីតំណែងជាមេដឹកនាំប្រទេសដោយសារតែលោកស្រីបានគ្របដណ្តប់ទៅដោយរឿងអាស្រូវនយោបាយពុករលួយដ៏ខ្មៅងងឹត ប៉ុន្តែអ្វីៗបានប្រែក្លាយទៅជាការអបអរសាទរ និងសប្បាយរីករាយទៅវិញនៅចុងសប្តាហ៍នេះ ក្រោយពេលដែលលោកស្រីត្រូវបាន សភាជាតិកូរ៉េខាងត្បូងបោះឆ្នោតគាំទ្រឲ្យទម្លាក់ចេញពីតំណែង ហើយនឹងត្រូវបានព្យួរអំណាចទាំងស្រុងជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
ទោះបីជាកាលពីថ្ងៃសុក្រម្សិលមិញនេះ សភាជាតិបានបោះឆ្នោតដើម្បីដកអំណាចជាមេដឹកនាំកំពូលប្រទេស ចេញពីលោកស្រី ផាក គឺនហេ យ៉ាងណាក្តីក៏សកម្មជនកូរ៉េខាងត្បូងភាគច្រើនបានអះអាងថាពួកគេមានបំណងចង់នៅរក្សាការដាក់សម្ពាធបន្តទៀត ខណៈនីតិវិធីនៃការទម្លាក់លោកស្រីប្រធានាធិបតីនៅតែទាមទារឲ្យមានការសម្រេចចុងក្រោយពីតុលាការរដ្ឋធម្មនុញ្ញនៅឡើយ ដែលជាដំណើរការនឹងអាចចំណាយពេលវេលាដល់រាប់ខែឯណោះ។ អ្នកតវ៉ាជាច្រើននាក់ទៀតនៅតែមិនអស់ចិត្ត និងចង់ឃើញ លោកស្រី ផាក ងើបចេញឲ្យផុតពីកៅអីជាប្រធានាធិបតីភ្លាមៗតែម្តង ដោយមិនចាំបាច់នៅរង់ចាំយូរឡើយ ហើយទទួលការកាត់ទោសព្រហ្មទណ្ឌអ្វីឡើយ។
គួរបញ្ជាក់ថានៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំសភាពេញអង្គសភាកូរ៉េខាងត្បូង បានបោះឆ្នោតគាំទ្រឲ្យលោកស្រី ផាក ចុះចេញពីមុខតំណែងក្នុងសំឡេង ២៣៤ នៃសំឡេងតំណាងរាស្ត្រសរុប៣០០។ ដូច្នេះវាមានន័យថា លោកស្រី នឹងត្រូវគេទម្លាក់ចេញពីមុខតំណែងជាផ្លូវការនៅក្រោយពេលតុលាការធម្មនុញ្ញផ្ដល់សុពលភាពលើការបោះឆ្នោតលើនីតិវិធីនេះយ៉ាង យូររយៈពេល ១៨០ថ្ងៃ ហើយនៅក្នុងអំឡុងពេលនេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hawng Kyo-ahn នឹងឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី។