(ប៊ុលហ្គារី)៖ មនុស្ស ០៤នាក់បាត់បង់ជីវិត និង២៣នាក់ទៀតទទួលរងរបួសនៅក្នុងហេតុការណ៍រថភ្លើងរអិលធ្លាក់ចេញពីផ្លូវ និងផ្ទុះឆេះស្ថិតនៅភាគឦសាននៃប្រទេសប៊ុលហ្គារី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន RT នារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
រថភ្លើងដឹកប្រេងខាងលើនេះ បានធ្វើដំណើរនៅក្នុងខេត្ត Shumen ស្ថិតនៅភាគឦសានប្រទេសដោយមានសណ្តោងទូរប្រេងចំនួន ២៦ទូរ ហើយបន្ទាប់ពីការរអិលធ្លាក់ចេញពីផ្លូវនោះវាបានបង្កជាអណ្តាតភ្លើង ឆាបឆេះរហូតដល់ផ្ទុះទូរប្រេងមួយចំនួនតែម្តង។ បន្ថែមពីនេះទៀតអគារនៅតាមដងផ្លូវដែកមួយចំនួន ក៏ត្រូវបានអគ្គីភ័យលេបត្របាក់ដែរ។
គួរបញ្ជាក់តាមសម្តីរបស់មន្ត្រីពន្លត់អគ្គីភ័យប៊ុលហ្គារីដូច្នេះថា «អ្នករងរបួសទាំង ២៣នាក់ គឺខ្លះមានអការៈធ្ងន់ធ្ងរខ្លាំងដោយការរលាកភ្លើងពាសពេញរាងកាយ ហើយពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យAtanas Atanasov»។ សម្រាប់មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕