(តូក្យូ)៖ ប្រទេសរុស្ស៊ីទំនងជាបានទាត់ចោលនូវសេចក្តីព្យាយាមរបស់ប្រទេសជប៉ុនក្នុងការធ្វើ «ទំនាក់ទំនងការទូត-កូនឆ្កែ» ដោយរុស្ស៊ីបានបដិសេធមិនទទួលយកការដូជាសត្វសុនខ ដែលគ្រោងនឹងផ្តល់ជូនលោក វ៉្លាឌីមៀ ពូទីន នៅមុនកិច្ចប្រជុំមួយដែលនឹងត្រូវបារព្ធឡើងនាសប្តាហ៍ក្រោយជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
រដ្ឋាភិបាលជប៉ុនបានគ្រោងនឹងផ្តល់ជូនប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអ្នកស្រឡាញ់សត្វសុនខមួយរូបនោះ នូវសត្វសុនខឈ្មោលមួយក្បាលពូជ Akita ដើម្បីឲ្យទៅធ្វើគូស្នេហ៍ជាមួយ Yume ជាសុនខញីមួយក្បាលផ្សេងទៀត ពូជដូចគ្នាដែលជប៉ុនបានធ្វើជាអំណោយជូនលោក ពូទីន កាលពីឆ្នាំ២០១២ ប៉ុន្តែភាគីរុស្ស៊ីបានបដិសេធមិនទទួលយកការដូ ថ្មីនេះឡើយ។
លោក Koichi Hagiuda សមាជិកសភាតំណាងរាស្រ្តជប៉ុនបានបង្ហើបប្រាប់ថា «គួរឲ្យសោកស្តាយ! ពួកយើងបានទទួលដំណឹងនេះពីរដ្ឋាភិបាលរុស្ស៊ីផ្ទាល់ ហើយក្តីសង្ឃឹមរបស់យើងថានឹងប្រគល់កូនកម្លោះ (សត្វសុនខពូជ Akita) ត្រូវរលាយសាបសូន្យ។» ប៉ុន្តែលោក Hagiuda ពុំបានបញ្ជាក់ប្រាប់ឲ្យដឹងពីហេតុផលនៅពីក្រោយការបដិសេធនោះឡើយ។
គួរបញ្ជាក់ថាលោក ពូទីន ត្រូវបានមនុស្សជាទូទៅស្គាល់ថាជាអ្នកស្រឡាញ់ចូលចិត្តសត្វបំផុតដែលតែងតែត្រូវគេថតយករូបភាពបាន ដោយបង្ហាញពីរូបលោកកំពុងជិះសេះ ក៏ដូចជាហែលទឹកជាមួយសត្វត្រីដូហ្វីន និងការស្និទ្ធស្នាលជាមួយសត្វខ្លាត្រីមួយក្បាលថែមទៀតផង។ ម៉្យាងវិញទៀតក្រៅពីសត្វសុនខញី Yume ដែលមានន័យថា «សុបិន្ត» នៅក្នុងភាសាជប៉ុននោះ លោកប្រធានាធិបតីរុស្ស៊ី ក៏ជាម្ចាស់សត្វសុនខឈ្មោលមួយក្បាលទៀតឈ្មោះថា Buffy មានពូជ Bulgarian Shepherd ដែលជាអំណោយរបស់នាយករដ្ឋមន្រ្តីប៊ុលហ្គារី កាលពីឆ្នាំ២០១០ផងដែរ។
ដោយឡែកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមានកិច្ចជួបពិភាក្សាគ្នាចាប់ពីថ្ងៃទី១៥-១៦ ខែធ្នូសប្តាហ៍ក្រោយនេះ៕