(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសរើសអគ្គនាយកក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយនៅសហរដ្ឋអាមេរិកធ្វើជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិប្រចាំនៅសេតវិមាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយដោយអាមេរិក ដែលចេញផ្សាយដោយបន្តដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមប្រភពព័ត៌មានដដែល លោក Gary Cohn ដែលមានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Goldman ផងដែរនោះត្រូវបានផ្តល់សំណើនៃមុខតំណែងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចដ៏សំខាន់ ដែលទទួលបន្ទុកធ្វើការសម្របសម្រួលបញ្ហាសេដ្ឋកិច្ចជាតិ និងអន្តរជាតិនៅក្នុងរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ហើយប្រសិនបើលោក Cohn ទទួលយកតំណែងនេះដែលមិនចាំបាច់ឲ្យមានការឯកភាពពីព្រឹទ្ធសភានោះ លោកនឹងក្លាយជាបុគ្គលទីបីហើយដែលមកពីក្រុមហ៊ុន Goldman និងបានកាន់តំណែងនៅក្នុងជួររដ្ឋាភិបាលរបស់លោក ត្រាំ ព្រោះថាបេក្ខជនរដ្ឋមន្រ្តីរតនា គារជាតិលោក Steven Mnuchin និងទីប្រឹក្សាប្រចាំសេតវិមានលោក Steve Bannon ក៏ជាអ្នកធ្វើការនៅក្រុមហ៊ុន Goldman Sachs ផងដែរ។
គួរបញ្ជាក់ថាក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន កាលពីឆ្នាំ១៩៩៣ ហើយវាបានក្លាយជាអង្គភាពដែលសំខាន់បំផុតក្នុងការបង្កើត គោលនយោបាយសេដ្ឋកិច្ចនៅឯសេតវិមាន។ ដោយឡែកនៅសល់តែ ៤១ថ្ងៃទៀតប៉ុណ្ណោះលោក ដូណាល់ ត្រាំ នឹងធ្វើការស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក ជាផ្លូវការហើយ៕