(នេហ្សេរីយ៉ា)៖ មនុស្សយ៉ាងហោចណាស់ ៥៦នាក់បានស្លាប់បាត់បង់ជីវិត ខណៈ១៧៧នាក់ផ្សេងទៀតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែល ស្រ្តីចំនួនពីរនាក់បង្កៃដោយគ្រាប់បែកអត្តឃាត បានបំផ្ទុះខ្លួនពួកគេឡើងនៅក្រុង Madagali ដែលស្ថិតនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា៕ នេះបើតាមសម្តីអ្នកនាំពាក្យយោធានីហ្សេរីយ៉ា ដែលចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
លោក Yusuf Muhammed អភិបាលក្រុង Madagali បានឲ្យដឹងថាបើយោងតាមសេចក្តីរាយការណ៍ចុងក្រោយបំផុតមនុស្សចំនួន ៥៦នាក់ត្រូវបានសម្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ហើយវាបានបណ្តាលឲ្យមនុស្ស ១៧៧នាក់ផ្សេងទៀតបានទទួលរងរបួស ខណៈអ្នករងគ្រោះចំនួនយ៉ាងហោចណាស់ចំនួន ៥៧នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំងដែលកំពុងគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីសង្រ្គោះជាបន្ទាន់ហើយ។
គួរបញ្ជាក់ដែរថាការបំផ្ទុះគ្រាប់បែកអត្តឃាតទាំងពីរខាងលើ បានកើតឡើងព្រមគ្នាក្នុងពេលតែមួយនៅក្នុងផ្សារលក់បន្លែមួយកន្លែងនៃក្រុង Madigali ហើយហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឲ្យអ្នកទិញ និងអ្នកលក់ដូរដទៃទៀតដែលមានសំណាងល្អមិនបានរងគ្រោះនឹងគេនោះ បាននាំគ្នារត់យ៉ាងប្រសាចទៅរកទីសុវត្ថិភាព។
ចំពោះការវាយប្រហារនេះដែរ ត្រូវអាជ្ញាធរសង្ស័យថាអាចជាទង្វើរបស់ក្រុមជ្រុលនិយម Boko Haram ដែលបានចាប់ផ្តើមបើកការវាយលុកទ្រង់ទ្រាយធំ នៅភាគឦសានប្រទេសនីហ្សេរីយ៉ាតាំងពីឆ្នាំ២០០៩ មក ខណៈកាលពីឆ្នាំ២០១៥ ពួកនេះបានពង្រីកការវាយប្រហាររបស់ខ្លួនទៅកាន់ប្រទេសក្បែរខាងទៀតផង ហើយក្រុមជ្រុលនិយម Boko Haram នេះក៏ជាអ្នកគាំទ្រ ពួកសកម្មប្រយុទ្ធរដ្ឋអ៉ីស្លាម ISIS ផងដែរ៕