(ហាណូយ)៖ ប្រទេសវៀតណាម ចាប់ផ្តើមធ្វើសកម្មភាពបូមខ្សាច់ចេញពី តំបន់កោះប៉ប្រះទឹកដែលស្ថិតក្នុងដែនសមុទ្រចិនខាងត្បូង ដែលនេះជាសកម្មភាពថ្មីមួយទៀត របស់រដ្ឋាភិបាលវៀតណាមដើម្បីជម្រុញ សេចក្តីប្រកាសរបស់ខ្លួនក្នុងតំបន់យុទ្ធសាស្ត្រ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ នេះបើយោងតាមរូបភាពបង្ហាញ ដោយផ្កាយរណបដកស្រង់ ដោយភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ។
សកម្មភាពនេះត្រូវបានគេមើលឃើញថា វាស្ថិតនៅតំបន់កោះប៉ប្រះទឹក Ladd ដែលស្ថិតនៅក្នុងប្រជុំកោះ Spratly ដែលនេះអាចជាការបញ្ឆេះកំហឹងកាន់តែខ្លាំងដល់ប្រទេសចិន ដែលជាភាគជម្លោះដែនសមុទ្ររបស់ប្រទេសវៀតណាម។ ប្រទេសចិនបានប្រកាសពី ដែនអធិបតេយ្យភាពរបស់ខ្លួននៅលើប្រជុំកោះ និងតំបន់ដែនសមុទ្រដែលសម្បូរដោយធនធានធម្មជាតិទាំងនេះ។
តំបន់កោះប៉ប្រះទឹក Ladd ដែលស្ថិតនៅភាគនិរតីនៃប្រជុំកោះ Spratelys តែងតែត្រូវទឹកជន់លិចទាំងស្រុងនៅពេលមានទឹកជោរ ហើយកោះនេះក៏ត្រូវ បានតៃវ៉ាន់ប្រកាសថា ជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។
គួររំលឹកថាតាមរយៈរូបភាពចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ និងរូបភាពដែលថតដោយផ្កាយរណប ដែលមានមូលដ្ឋានក្នុងដែនដីសហរដ្ឋអាមេរិក បានបង្ហាញថានាវាជាច្រើនគ្រឿងត្រូវបានគេឃើញថា មានសកម្មភាពជីកថ្មីៗជាច្រើនទៀត ខណៈដែលចេតនានៃសកម្មភាពនេះ មិនទាន់ត្រូវបានរកឃើញ នៅឡើយនោះទេ។
ទោះបីជាយ៉ាងនេះក្តីអ្នកវិភាគបានសន្និដ្ឋានថា វាអាចជាសញ្ញាបង្ហាញថាសកម្មភាពបែបនេះ ក៏កំពុងកើតឡើងនៅលើកោះប៉ះប្រះទឹកដទៃទៀតផងដែរ។ អ្នកវិភាគម្នាក់បានបញ្ជាក់ថា «ស្ថិតក្នុងស្ថានភាពនេះយើងឃើញថាយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម គឺការបង្កើនវិស័យការពារជាតិរបស់ខ្លួន។ ពួកគេកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីដោះស្រាយរាល់បញ្ហានានា»។
ដោយឡែកប្រភពពីសារព័ត៌មាន Reuters ធ្លាប់បានបញ្ជាក់កាលពីខែសីហា កន្លងទៅនេះថា ប្រទេស វៀតណាម បានត្រៀមទប់ទល់នឹងគូសត្រូវរបស់ខ្លួន ដោយបំពាក់កាំភ្លើងខ្នាតធំដែលអាចផ្លាស់ទីបាននៅលើកោះមួយចំនួនដើម្បីគំរាមដល់ចិន ដែលកាន់កាប់រាល់ច្រកធ្វើពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែរដ្ឋមន្ត្រីការបរទេស វៀតណាមមិនបានធ្វើការឆ្លើយតបណាមួយ ចំពោះបញ្ហានេះឡើយ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក Lu Kang បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ កន្លងទៅនេះថា ប្រទេសចិនបានកាន់កាប់លើប្រជុំកោះ Spratlys និងកោះប៉ប្រះទឹក Ladd។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «យើងសូមអំពាវនាវដល់បណ្តាប្រទេស ដែលពាក់ព័ន្ធទំាងអស់ សូមគោរពអធិបតេយ្យភាព និងសិទ្ធិរបស់ប្រទេសចិន ព្រមទាំងបញ្ឈប់ប្រតិបត្តិការ ឬការឈ្លានពានដោយខុសច្បាស់ និងរាល់សកម្មភាពទាំងអស់ដែលបង្កភាពតានតឹងក្នុងតំបន់»។
តាមសម្តីរបស់លោក Greg Poling អ្នកជំនាញផ្នែកសមុទ្រចិនខាងត្បូងនៅមជ្ឈមណ្ឌលវ៉ាស៊ីនតោន ដើម្បីយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិបានបញ្ជាក់ថា «ប្រទេសវៀតណាមដឹងច្បាស់ថា ខ្លួនមិនអាចប្រកួតប្រជែងជាមួយចិនបានទេ ប៉ុន្តែវៀតណាមពិតជាចង់បង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យអន្តរជាតិចាប់អារម្មណ៍ខ្លួនផងដែរ»។ កន្លងមកប្រទេសវៀតណាមមានក្តីបារម្ភខ្លាចចិនចាប់ផ្តើមសកម្មភាពយោធាជាថ្មី នៅលើប្រជុំកោះ Spratlys ដោយបារម្ភខ្លាចសកម្មភាពយោធានេះកាន់តែមានទ្រង់ទ្រាយធំជាលំដាប់ ហើយវៀតណាមក៏បានរង្គាសចិត្តប្រទេសហ្វីលីពីនផងដែរ ដែលបានធ្វើ សកម្មភាពប្រឆាំងនឹង សេចក្តីប្រកាសពីដែនអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
គួររំលឹកផងដែរថាប្រទេសចិនបានសង្គ្រប់យកប្រជុំកោះ Spratlys ជាលើកដំបូងបន្ទាប់ពីការធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមក្នុងឆ្នាំ១៩៨៨។ ប្រទេសវៀតណាមបានបញ្ជាក់ថា យោធា៦៤នាក់បានស្លាប់ក្នុងហេតុការណ៍នេះ ខណៈដែលពួកគេព្យាយាមការពារទង់ជាតិវៀតណាមនៅកោះប៉ប្រះទឹក South Johnson ដែលបច្ចុប្បន្នវានៅតែស្ថិតនៅដិតដាមជានិច្ចសម្រាប់រដ្ឋាភិបាលក្រុងហាណូយ៕