(បាងកក)៖ តបតាមការអញ្ជើញរបស់ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាលថៃ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន៥រូប ដើម្បីអញ្ជើញចូលរួមសនិ្នសីទអន្តរជាតិហាឡាលលើកទី៣ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ដែលបានរៀបចំដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាលថៃ សហការជាមួយក្រុមប្រឹក្សាកណ្តាលឥស្លាមប្រទេសថៃ និងមានភ្ញៀវជាថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសអាស៊ាន និង អន្តរជាតិចំនួន៦០ ប្រទេស និង ថ្នាក់ដឹកនាំជួររាជរដ្ឋាភិបាល ឥស្សរជន ក្រុមហ៊ុន វិនិយោគិន សហគ្រាសដែលធ្វើការលើវិស័យផលិតផលហាឡាល សហគ្រិន ធុរកិច្ចជន និងបញ្ញាវន្ត ចំនួនប្រមាណ៦០០០នាក់។
លោកបណ្ឌិត ផាស៊ូ ឡាហាជុន តំណាងរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងក្នុងថាបើកនៃសន្និសីទអន្តរជាតិហាឡាលលើកទី៣ថា កំណើននៃការនាំផលិតផលហាឡាលទៅកាន់បណ្តាប្រទេស Organization of Islamic Cooperation (OIC) ទាំង៥៧ប្រទេស និងកំណើននៃការនាំចូលភ្ញៀវទេសចរ ពិតជាបានបង្កើនសេដ្ឋកិច្ចរបស់ប្រទេសថៃ។
លោកបណ្ឌិត វីណៃ ឌះឡាន នាយកស្ថាបនិកនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល់បានថ្លែង ពីសារៈសំខាន់របស់ទំនិញហាឡាល ដែលរួមមានម្ហូបអាហារ សម្ភារប្រើប្រាស់ដែលធានាដល់សុខភាព និងសុខុមាលភាពរបស់អ្នកទទួលទាន និងអ្នកប្រើប្រាស់ទូទៅ ពិសេសដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ។
លោកបានថ្លែងថា សម្រាប់ឆ្នាំកន្លងទៅទីផ្សារនាំចេញអាហារហាឡាលពិភពលោកមានចំនួនដល់ទៅ ៣លានលាន ដុល្លារសហរដ្ឋអាមេរិក (3Trillion USD) ហើយសម្រាប់ប្រទេសថៃ មកដល់ពេលនេះ បានផលិតផលិតហាឡាលប្រមាណជាង ១២០,០០០មុខ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស ពិសេសទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអ៊ឺរ៉ុប។ រីឯនៅក្នុងប្រទេសថៃមានភោជនីយដ្ឋានហាឡាលចំនួនប្រមាណជាង ៣,៥០០ កន្លែង សម្រាប់បម្រើដល់ជនមុស្លិម និងពុំមែនមុស្លិមនៅក្នុងប្រទេស និងក្រៅប្រទេស។
លោកបានបន្តថា សន្និសីទអន្តរជាតិហាឡាលនេះ គឺជាការៀបចំលើកទី៣ ដែលមានការតាំងពិព័រណ៌ពីផលិតហាឡាលដោយមានការចូលរួមពីផលិតផលចំនួន ៣០០ស្តង់។
ឧកញ៉ា អូស្មាន ហាស្សាន់ បានគាំទ្រ និង កោតសរសើរដល់ភាពជោគជ័យរបស់ក្រុមប្រឹក្សាឥស្លាមថ្នាក់កណ្តាលប្រទសថៃ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល និងវិទ្យាស្ថានស្តង់ដារហាឡាលប្រទេសថៃ ក្នុងការធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសឈានមុខ ក្នុងការផលិតទំនិញហាឡាល។ ជាមួយគ្នា កម្ពុជាក៏នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចតាមរយៈផលិតផល ទំនិញ និងម្ហូបអាហារហាឡាលសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស នឹងនាំចេញទៅកាន់ពិភពលោក ជាពិសេសបណ្តាប្រទេស OIC ទាំង ៥៧ ប្រទេស។
លោកឧកញ៉ាបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយមានកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំដំណើរការត្រួតពិនិត្យផលិតផល ទំនិញ និងម្ហូបអាហារហាឡាលសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស នឹងនាំចេញទៅកាន់ពិភពលោក ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ពីព្រោះហាឡាល ពិតជាមានសារៈសំខាន់ ចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។
លោករដ្ឋមន្រ្តី បានជម្រាបថា ថ្នាក់ដឹកនាំនៃស្ថាប័នហាឡាលប្រទេសថៃ និង ស្ថាប័នហាឡាលប្រទេសម៉ាឡេសុី បាននឹងកំពុងសហការ និងផ្តល់នូវជំនួយជាបច្ចេកទេស ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងការជំរុញឲ្យមានស្ថាប័នផ្តល់វិញ្ញាបនបត្រហាឡាលជាផ្លូវការនៅកម្ពុជា ហើយបានសន្យាថានឹងសហការជាមួយកម្ពុជា ក្នុងការរៀបចំការតាំងពិព័រណ៌ផលិតផលហាឡាលអន្តរជាតិនៅប្រទេសកម្ពុជាផងដែរ៕