(បាងកក)៖ រឿងក្តីប្រឆាំងនឹងអតីតនាយករដ្ឋមន្រ្តីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាមេដឹកនាំស្រ្តីដំបូងគេនៅក្នុងប្រទេសថៃជុំវិញកម្មវិធីទិញស្រូវបរាជ័យដែលបានចាប់ផ្តើមតាមនីតិវិធីតាំងពីឆ្នាំ២០១៥ មកនោះនឹងត្រូវបិទបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
លោក យីងឡាក់ បានជាប់ចោទពីបទធ្វេសប្រហែសពាក់ព័ន្ធ នឹងគំរោងនៃការទិញស្រូវអង្ករដែលបានជួយលោកស្រីឈានទៅចាប់យកតំណែងជានាយករដ្ឋមន្រ្តីថៃ នៅក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១១ ដែលគំរោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករថៃ ហើយពីដំបូងវាបានទទួលប្រិយភាពខ្ពស់ពីសំណាក់អ្នករស់នៅតាមទីជនបទ ប៉ុន្តែក្រោយមកក៏ទទួលបរាជ័យវិញ។
ជុំវិញបញ្ហានេះក្រសួងហិរញ្ញវត្ថុថៃបានព្យាករណ៍ថា គំរោងទិញស្រូវនេះបានបណ្តាលឲ្យខាតបង់ថវិកាជាតិ អស់ដល់ទៅប្រមាណ ១៥.០២ពាន់លានដុល្លារអាមេរិក។ លោក Sommai Koosap មេធាវីការពារក្តីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន Reuters ថា «ពួកយើងយល់ថាតុលាការក្រុងបាងកក នឹងប្រកាសសាលក្រមក្នុងរឿងក្តីទិញស្រូវនេះនាឆ្នាំក្រោយ បន្ទាប់ពីបានធ្វើការសាកសួរទៅលើ សាក្សីចុងក្រោយនៅពាក់កណ្តាលខែកក្កដា»។
ដោយឡែកនៅពេលដែលឡើងតុលាការជាលើកដំបូងកាលពីឆ្នាំ២០១៥ លោកស្រី យីងឡាក់ បានបដិសេធថាលោកស្រីមិនបានប្រព្រឹត្តខុសអ្វីទាំងអស់ ប៉ុន្តែលោកស្រីកំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំប្រសិនបើត្រូវបានរកឃើញថា ពិតជាមានទោសប្រាកដមែននោះ ហើយនាពេលថ្មីៗនេះលោកស្រីអតីតនាយករដ្ឋមន្រ្តីថៃបានអះអាងយ៉ាងអង់អាចថា នឹងធ្វើការតស៊ូឲ្យដល់ទីបញ្ចប់ និងមិនរាថយឡើយ។
គួរបញ្ជាក់ថាប្រទេសថៃធ្លាប់ជាប់ឈ្មោះ ជាអ្នកនាំចេញស្រូវអង្ករលេខមួយលើពិភពលោក ប៉ុន្តែវាបានរបូតទៅឲ្យប្រទេសឥណ្ឌាវិញ នៅក្រោយការបរាជ័យនៃគំរោងទិញស្រូវរបស់លោកស្រី យីងឡាក់ ដែលបានធានាថាប្រជាកសិករថៃគ្រប់រូបត្រូវបានទ្រទ្រង់ ដោយធនឧបត្ថម្ភ ខណៈរដ្ឋាភិបាលថៃនឹងទិញស្រូវអង្ករពីពួកគេក្នុងតម្លៃទ្វេដងលើអត្រានៃតម្លៃស្រូវក្នុងទីផ្សារ។ ការរលាយសាបសូន្យទៅនៃគំរោងនេះ បានបន្សល់ទុកនូវស្រូវក៏ដូចជាអង្ករប្រមាណ ៨លានតោនគរចោលដូចភ្នំដែលរដ្ឋាភិបាលយោធាថៃ កំពុងព្យាយាមដោះស្រាយ៕
_