(អាហ្វហ្គានីស្ថាន)៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក អាស្ដុន ខាតធើ (Ashton Carter) បានបំពេញដំណើរទស្សនកិច្ចឥតព្រាងទុកទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រនេះស្របពេលសំណួរជាច្រើនកំពុងត្រូវបានគេចោទសួរ ជុំវិញគោលនយោបាយការបរទេសនៃអានាគតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា ចំពោះប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះដែលកំពុងធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
លោក ខាតធើ គ្រោងនឹងជួបសំណេះសំណាលជាមួយយោធាអាមេរិក ព្រមទាំងប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី (Ashraf Ghani) ហើយដែលដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅក្នុងបរិបទនៃភាពច្បាស់លាស់នៃគោលនយោបាយការបទេសអាមេរិករបស់លោក ត្រំា ចំពោះប្រទេសអាហ្វហ្គានីស្ថាន ជាទីដែលកងទ័ពអាមេរិកប្រមាណ ១០,០០០នាក់កំពុងឈរជើង។
ជាក់ស្ដែងនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ ធ្លាប់បានបង្ហាញពីគោលបំណងចង់ដកកងទ័ពអាមេរិកពីអាហ្វហ្គានីស្ថានម្ដងរួចមកហើយ។ ក៏ប៉ុន្តែយ៉ាងណាសម្រាប់ក្រុមអ្នកជំនាញប្រធានាធិបតីអាមេរិកថ្មីរូបនេះអាចនឹងបន្តទុកវត្តមានកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន ដើម្បីរក្សាឥទ្ធិពលអាមេរិកនៅមជ្ឈិមបូព៌ាតែអ្វីដែលសំខាន់នោះគឺថា ទីក្រុងវ៉ាស៊ីនតោនត្រូវគិតអំពីចំនួនទ័ពដែលនឹងរក្សាទុកនៅក្នុង ប្រទេសមួយនេះ។
គួរបញ្ជាក់ថាប្រឈមមុខនឹងការវាយលុកពីក្រុមឧទ្ទាមតាលីបង់ យោធាអាហ្វហ្គានីស្ថានហាក់ដូចជានៅទន់ខ្សោយដោយតំបន់មួយចំនួនកំពុងរងសម្ពាធយ៉ាងខ្លំាង ពីក្រុមសកម្មប្រយុទ្ធតាលីបង់ ហើយបើគិតត្រឹមរយៈពេល ០៨ខែដំបូងនៃឆ្នំា២០១៦ កងកម្លំាងអាហ្វហ្គានីស្ថាន ៥,៥០០នាក់បានស្លាប់នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់៕