(ស៊ីដនី)៖ បុរសពីររូបដែលបានរៀបចំផែនការបំផ្ទុះគ្រាប់បែក នៅព្រះវិហារនៃជនជាតិអ៉ីស្លាមមួយកន្លែងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជ្រើសរើសមនុស្សឲ្យចូលក្រុមសកម្មប្រយុទ្ធរដ្ឋអ៉ីស្លាម ISIS នោះត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ចំនួន១៥ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងថា ជនឈ្មោះ Omar Al-Kutobi វ័យ ២៥ឆ្នាំរួមនិងជនម្នាក់ទៀតឈ្មោះ Mohammad Kiad វ័យ ២៧ឆ្នាំបានទទួលសារភាពកំហុសចំពោះការរៀបចំសម្រាប់បើកការវាយប្រហារដោយអំពើភេរវកម្មនៅឯព្រះវិហារមួយកន្លែងស្ថិតនៅជាយក្រុង Guildford ភាគខាងលិចប្រទេសអូស្រ្តាលី ប៉ុន្តែបានបរាជ័យដោយមិនអាចអនុវត្តន៍គំរោងដ៏ខ្មៅងងឹតកាលពីឆ្នាំមុននេះបាន។
តុលាការកំពូលអូស្ត្រាលីបានសម្រេចកាត់ទោសបុរសទាំងពីរនាក់នេះ ឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ និងគ្មានការដោះលែងដោយមានលក្ខខណ្ឌមុនកំណត់ក្នុងរយៈពេល ១៥ឆ្នាំ ដោយសម្អាងថាពួកគេទាំងពីរនាក់ចូលរួមពាក់ព័ន្ធគំរោងខាងលើនេះស្មើគ្នា ដែលមិនលើសមិនខ្វះជាងគ្នានោះឡើយ។
គួរបញ្ជាក់ថាជនដៃដល់មួយគូនេះត្រូវបានចាប់ខ្លួន ខណៈពេលនៅក្នុងផ្ទះល្វែងមួយខ្នងស្ថិតនៅភាគខាងលិចប្រទេសអូស្រ្តាលី ដោយកម្លាំងប៉ូលិសប្រឆាំងអំពើភេរវកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ហើយនៅពេលនេះក្រុមប៉ូលិសបានរកឃើញវត្ថុតាងមួយចំនួន រួមមានកាំបិតសម្រាប់ធ្វើការប្រមាញ់, កាំបិតផ្លែវែងសម្រាប់ឆ្កាព្រៃ, និងទង់ពួករដ្ឋអ៉ីស្លាម (ISIS) ដែលធ្វើឡើងដោយខ្លួនឯងទៀតផង៕