(អាមេរិក)៖ តាមរបាយការណ៍ចុងក្រោយបានបង្ហាញថា ប្រធានាធិបតីអាមេរិកថ្មីដែលទើបជាប់ឆ្នោតបានមួយខែ លោក ដូណាល់ ត្រាំ បានចំណាយលុយផ្ទាល់ខ្លួនរបស់លោកចំនួន ៦៦លានដុល្លារ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងមូល ដែលតិចជាងគម្រោងដែលលោកបានគ្រោងចំណាយពីដំបូងចំនួន ១០០លានដុល្លារ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ក្រុមហ៊ុនធំៗជាសម្ព័ន្ធពាណិជ្ជកម្មរបស់លោក ត្រាំ ដែលពាក់ស្លាករបស់លោកផ្ទាល់មានដូចជា យន្តហោះឯកជនផ្ទាល់ខ្លួន និងអគារ Manhattan គឺជាក្រុមហ៊ុនដែលជួយទ្រទ្រង់ធំបំផុតដល់យុទ្ធនាការឃោសនាបោះឆ្នោតស្នូលរបស់លោក ត្រាំ ដែលបានចំណាយប្រាក់រហូតដល់ទៅ ១១លានដុល្លារ។ យ៉ាងណាក៏ដោយចំនួននេះ គឺនៅតិចជាងការចំណាយរបស់គូប្រជែងលោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន។
គួរបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះ ក្រុមចាត់ចែងយុទ្ធនាការរបស់លោក ត្រាំ បានបង្ហាញឲ្យដឹងថា លោក ត្រាំ បានលក់ភាគហ៊ុនក្នុងទីផ្សារមូលប័ត្ររបស់លោកទាំងអស់កាលពីខែមិថុនា ដែលមានតម្លៃ ៤០លានដុល្លារដើម្បីសម្រុកស្វែងរកសំឡេងគាំទ្រក្នុងយុទ្ធការឃោសនាបោះឆ្នោត ហើយលោកនឹងសហការីក៏បានស្វះស្វែងរកដៃគូផ្តល់ជំនួយបន្ថែមទៀតផងដែរ។ ការលក់ភាគហ៊ុននោះបានកើតឡើងបន្ទាប់ពីលោកផ្ទាល់បានចំណាយ ៤៧លានដុល្លាររួចទៅហើយក្នុងយុទ្ធការឃោសនាបោះឆ្នោត។
ជារួមលោក ត្រាំ បានប្រមូលថវិកាសរុប ៣៣៩លានដុល្លារ និងបានចំណាយទៅក្នុងយុទ្ធនាការអស់ ៣២២លានដុល្លារ ដែលតិចជាលោកស្រី គ្លីនតុន ដែលបានចំណាយរហូតដល់ទៅ ៥៦៥លានដុល្លារឯណោះរហូតដល់បញ្ចប់យុទ្ធនាការបោះឆ្នោត។ តាមរបាយការណ៍ជាផ្លូវការ នៅប៉ុន្មានថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ បានចំណាយ ៩៤លានដុល្លារ និងលោកស្រី គ្លីនតុន បានចំណាយច្រើនជាងគឺ ១៣២លានដុល្លារ៕