(វ៉ាស៊ីនតោន)៖ លោក ចន គ្លេន (John Glenn) ដែលជាអវកាសយានិកដំបូងរបស់សហរដ្ឋអាមេរិក ដែលបានទៅដល់គន្លងគោចររបស់ភពផែនដីនោះ បានទទួលមរណភាពហើយនៅអាយុ ៩៥ឆ្នាំ ខណៈអង្គការ NASA ដែលជាទីលោក គ្លេន ធ្លាប់បំពេញការងារយ៉ាងសកម្មនោះ កំពុងតែសម្តែងនូវក្តីសោកស្តាយជាពន់ពេក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងបណ្តាញសង្គម Twitter របស់ NASA បានបង្ហោះសារដ៏សោកសៅមួយថា «យើងពិតជាពោរពេញដោយទុក្ខក្រៀមក្រំបំផុត ចំពោះការលាចាករបស់លោក ចន គ្លេន ដែលជាអវកាយានិកអាមេរិកដំបូងបំផុតដែលបានធ្វើដំណើរទៅកាន់គន្លងគោចរនៃភពផែនដី។ គាត់ជាវីរៈបុរសពិតប្រាកដរបស់អាមេរិក...»។
គួរបញ្ជាក់តាមព័ត៌មានរបស់អង្គារ NASA ថាលោក គ្លេន បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Wexner នៃសកលវិទ្យាល័យអូហៃយ៉ូ ក្នុងទីក្រុង Columbus។ លោក គ្លេន កើតនៅឆ្នាំ១៩២១ ហើយបានធ្វើដំណើរទៅកាន់គន្លងគោចរលើភពផែនដី កាលពីឆ្នាំ១៩៦២ និងជាមនុស្សទី០៥ ដែលបានធ្វើដំណើរទៅកាន់ទីអវកាសផងដែរ៕