(អាមេរិក)៖ លោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបានមួយខែនោះ បានលើកឡើងថាលោក សហរដ្ឋអាមេរិកត្រូវការការធ្វើឲ្យទំនាក់ទំនង ជាមួយប្រទេសចិន បានប្រសើរឡើង បន្ទាប់ពីលោកបានរិះគន់ចិនរឿងនយោបាយសេដ្ឋកិច្ចមិនស្មោះត្រង់ និងការបរាជ័យរបស់ទីក្រុងប៉េកាំង ក្នុងការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានChannel News Asia នាព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
លោក ដូណាល់ ត្រាំ បានប្រាប់ប្រជាជនដែលប្រមូលផ្តុំគ្នាក្នុងរដ្ឋ Iowa ដើម្បីស្វាគមន៍ដំណើរមកដល់របស់ប្រធានាធិបតី ទើបជាប់ឆ្នោតរូបនេះយ៉ាងដូច្នេះថា «ទំនាក់ទំនងមួយ ក្នុងចំណោមទំនាក់ទំនងដែលសំខាន់បំផុតដែលយើងត្រូវតែធ្វើឲ្យប្រសើរឡើងនោះ គឺទំនាក់ទំនងរបស់យើងជាមួយនឹងប្រទេសចិន។ សហរដ្ឋអាមេរិក និងប្រទេសចិនគឺជាយក្សសេដ្ឋកិច្ចទាំងពីរ នៅលើសកលលោក។ ប្រទេសចិនមិនមែនជាប្រទេសនៃសេដ្ឋកិច្ចទីផ្សារនោះទេ។ ពួកគេមិនត្រូវបានគ្រប់គ្រងដោយច្បាប់នោះឡើយ ហើយខ្ញុំក៏ដឹងថាពេលនេះ វាគឺសមល្មមនៅក្នុងការចាប់ផ្តើមហើយ»។
គួរបញ្ជាក់ថាលោក ត្រាំ ធ្លាប់រិះគន់ចិនជារឿយៗអំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហើយរឿងរ៉ាវកាន់ធ្ងន់ធ្ងរជាងនេះគឺ ការសន្ទនាតាមទូរស័ព្ទដោយផ្ទាល់មិនធ្លាប់មានរវាងលោក នឹងលោកស្រី ត្សៃ ដែលជាប្រធានាធិបតីកោះតៃវ៉ាន់ កាលពីសប្តាហ៍មុននេះដែលបានបង្កជាកំហឹង និងការរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ទោះបីជាបែបនេះក្តី ភាពច្បាស់លាស់នៃនយោបាយរបស់លោក ត្រាំ នឹងត្រូវបង្ហាញជាផ្លូវការបន្ទាប់ពីថ្ងៃស្បថ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕