(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ នៅព្រឹកថ្ងៃសុក្រនេះ បានបំពេញដំណើរទស្សនកិច្ចជាបន្ទាន់មួយទៅកាន់ខេត្ត អាសេ ដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុតដោយតែការរញ្ជួយផែនដីកម្រិត ៦.៤ រ៉ិចទ័រ កាលពីដើមសប្តាហ៍នេះ ដែលបានផ្តាច់ជីវិតមនុស្ស ១០២នាក់ និងបង្ករបួសជាង ១,០០០នាក់ ព្រមជាមួយនិងប្រជាជនជាង ១០,០០០នាក់ទៀតបាត់បង់ផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
លោកប្រធានាធិបតីបានធ្វើដំណើរទៅកាន់តំបន់ធំៗចំនួនបី ដែលស្ថិតនៅក្នុងខេត្តអាសេ នៃកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូណេស៊ី ដែលបានទទួលរងគ្រោះ ដោយការរញ្ជួយដីធ្ងន់ធ្ងរជាងគេ នាំឲ្យអគារព្រះវិហារ លំនៅដ្ឋាន និងអគារមួយចំនួនទៀតដួលរលំចុះមក និងបានសង្កត់មនុស្សស្លាប់ជាច្រើននាក់ នាដើមសប្តាហ៍នេះ។ នៅក្នុងឱកាសនោះលោកប្រធានាធិបតី ដែលប្រជាជននិយមហៅឈ្មោះថា ចូកូវី បាន «បញ្ជាឲ្យក្រុមសង្គ្រោះធ្វើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ជូនប្រជាជនឲ្យបានលឿនបំផុត»។
គួរបញ្ជាក់ថា ការស្តារឡើងវិញនោះគឺសំដៅទៅលើការកសាងលំនៅឋាន ប្រព័ន្ធដឹកជញ្ជូន ទឹកស្អាត ជំរកបណ្តោះអាសន្ន មន្ទីរពេទ្យ និងការផ្គត់ផ្គង់ចំណីអាហារជាដើម ហើយក្រុមគ្រួសារដែលមានមនុស្សរងរបួសដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវតែទទួលបានការយកចិត្តទុកដាក់ខ្ពស់។ សូមរំលឹកថា ប្រទេសឥណ្ឌូណេស៊ីជាដែនដីនៃប្រជុំកោះទាំង ១៧,០០០កោះ ដែលងាយនឹងទទួលរងគ្រោះធម្មជាតិជាងគេបំផុតដូចជា បន្ទុះភ្នំភ្លើង, រញ្ជួយដីផែនដី, និងព្យុះកំណាចជារៀងរាល់ឆ្នាំ ដោយសារតែវាស្ថិតនៅក្នុងតំបន់ «Ring of Fires» ព័ទ្ធជុំវិញមហាសាគរប៉ាស៊ីហ្វិក៕