(សេអ៊ូល)៖ បើទោះបីជាលោកស្រី ផាក គឺនហេ បានទទួលយកការលាលែងពីមុខតំណែង នៅខែមេសាខាងមុខនេះ ក៏ដោយក៏ក្រុមសមាជិកសភាបក្សប្រឆាំងកូរ៉េខាងត្បូង បានដាក់ជូនសភាជាផ្លូវការហើយ នូវសំណើបង្ខំឲ្យអនុវត្តន៍ដំណើរការនីតិវិធីទម្លាក់ លោកស្រី ផាក ពីតំណែងជាប្រធានាធិបតី ក្រោយលោកស្រីផ្ទាល់បានផុងខ្លួនកាន់តែជ្រៅ នៅក្នុងរឿងអាស្រូវពុករលួយនយោបាយជាមួយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលបានធ្វើឱ្យរង្គោះរង្គើពាសពេញផ្ទៃប្រទេស។ ជីវិតនយោបាយរបស់លោកស្រី ផាក គួរតែនឹងត្រូវបានកំណត់ដោយសភា នៅម៉ោង៣៖០០នាទីរសៀលថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងសំណើខាងលើក្រុមតំណាងរាស្ត្របក្សប្រឆាំងបានចោទប្រកាន់ លោកស្រី ផាក ថាបានរំលោភលើរដ្ឋធម្មនុញ្ញប្រព្រឹត្តិអំពើពុករលួយ និងរំលោភអំណាចសាធារណៈ។ ដូច្នេះបើសិនជាសភាយល់ព្រមអនុម័ត លើសំណើនេះហើយក្នុងរយៈពេល០៦ខែយ៉ាងយូរ បើតុលាការធម្មនុញ្ញក៏យល់ព្រមផ្ដល់សុពលភាពដែរនោះ វាមានន័យថាលោកស្រី ផាក នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានបញ្ចប់អាណត្តិនៅអំឡុងពេលកំពុងកាន់តួនាទី។
ដោយឡែកនៅក្នុងករណីដូចគ្នានេះដែរ បើសភាទាំងមូលអនុម័តលើសំណើរនេះលោកស្រី ផាក គឺនហេ នឹងត្រូវគេបញ្ឈរជើងដោយទុកឱ្យនាយករដ្ឋមន្ត្រី លោក វ៉ាង ឃ្យូអាន់ (Hwang Kyo-ahn) កាន់តំណែងប្រធានាធិបតីជំនួសជាបណ្ដោះអាសន្ន។
គួររំលឹកថានៅក្នុងសុន្ទរកថាជាលើកទី៣ លោកស្រី ផាក គឺនហេ បានអះអាងថា លោកស្រីនឹងទុកឱ្យសភា និងតុលាការធម្មនុញ្ញជាអ្នកកំណត់ពីជោគវាសនា របស់លោកស្រី ពោលគឺលោកស្រីនឹងទទួលយក ក្នុងករណីស្ថាប័នកំពូលទំាងនេះអនុម័តលើនីតិវិធីទម្លាក់លោកស្រី ពីតំណែងជាប្រធានាធិបតី។ យ៉ាងណាក៏ដោយក្រុមអ្នកតំណាងរាស្ត្រគាំទ្រ លោកស្រី ផាក បានទទូចឱ្យសភាទុកពេលឱ្យលោកស្រី លាលែងពីតំណែងដោយខ្លួនឯងដូចការគ្រោងទុកនៅ ខែមេសាព្រមទាំងរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នៅខែមិថុនា ឆ្នាំ២០១៧ ក្រោមហេតុផលការទម្លាក់ប្រធានាធិបតី ពីអំណាចនឹងធ្វើឱ្យកិច្ចការរដ្ឋច្របូកច្របល់៕