(សូឡូម៉ង់)៖ មជ្ឈមណ្ឌលព្រមានពី រលកយក្សស៊ូណាមិតំបន់ប៉ាស៊ីហ្វិក បានឱ្យដឹងថា ការប្រកាសអាសន្នឬការឃ្លំា មើលរលកយក្សស៊ូណាមិ នៅកោះហាវ៉ៃ ត្រូវបានលុបចោលហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.០រិចទ័រ បានវាយ ប្រហារប្រទេសដីកោះសូឡូម៉ង់ (Solomon Islands) ស្ថិតនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ទន្ទឹមគ្នានោះដែរ គ្រោះរញ្ជួយដីកម្រិត៦.៩រិចទ័រ ក៏បានវាយប្រហារឆ្នេរភាគខាងជើង រដ្ឋ California សហរដ្ឋអាមេរិក ដែលមានជម្រៅរញ្ជួយ១០គីឡូម៉ែត្រ ប៉ុន្តែមិនទាន់មានរបាយការណ៍លម្អិត អំពីស្ថានភាពគ្រោះថ្នាក់នៅឡើយទេ។ ចំណែកឯ គ្រោះរញ្ជួយដីកម្រិត៨.០រិចទ័រ នៅឯកោះ Solomon Islands បានកើតឡើងនៅម៉ោងប្រមាណជា ៧៖៣៨នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ប៉ុន្តែក្រោយមកគ្រោះរញ្ជួយដីនេះ បានថមថយកម្លំាងមកនៅត្រឹម៧.៨រិចទ័រ ដែលជាហេតុធ្វើឱ្យអាជ្ញាធរ ប្រកាសលុបចោលសញ្ញាប្រកាសអាសន្ន ក៏ដូចជាការឃ្លំាមើលរលកយក្សសូណាមិ ក្រោមហេតុផលគ្មានសញ្ញាណបង្ករហានិភ័យនៃរលកយក្សស៊ូណាមិ៕