(ម៉ានីល)៖ លោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ជំនាន់ទី១៦ បានឡើងកាន់អំណាចនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅឯវិមាន Malacanang ក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីលោកបានជាប់ឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា ដោយទទួលបានសំឡេងគាំទ្រ១៦,៦០១,៩៩៧នាក់ លើគូប្រកួតប្រជែង ម្នាក់ទៀតគឺ Manel Roxas ដែលបានទទួលតែ៧លានសំឡេងប៉ុណ្ណោះ។
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ហៅបុរសខ្លាំងហ្វីលីពីន នឹងមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ខាងក្រោមនេះជាប្រវត្តិរបស់លោក ឌូធើតេ ហៅបុរសខ្លាំងរបស់ហ្វីលីពីន៖
លោក Rodrigo Duterte កើតថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៤៥ នៅខេត្ត Southern Leyte ភាគកណ្តាល ប្រទេសហ្វីលីពីន។ លោកជាកូនរបស់លោក Vicente Duterte និង លោកស្រី Soledada Roa។ ឪពុករបស់លោក ឌូធើតេ ធ្លាប់ធ្វើជាមេធាវី និងគ្រូបង្រៀន នៅខេត្ត Cebu ហើយបន្ទាប់មកលោកក៏ឈរឈ្មោះ ជាអភិបាលក្រុង Davao នៃខេត្ត Cebu ហើយក្រោយមកក៏ត្រូវតម្លើងទៅជាខេត្ត Davao វិញ ហើយលោកក៏បានឡើងជាអភិបាលខេត្តថ្មីនេះ។
លោក ឌូធើត បានបញ្ចប់ការសិក្សានៅទីក្រុង Davao នៅឆ្នាំ១៩៥៦ ហើយក្រោយមកទៀត លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Lyceum នៃទីក្រុងម៉ានីល នាឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៧២ លោក ឌូធើត បានទទួលសញ្ញាបត្រច្បាប់ពីមហាវិទ្យាល័យ San Beda និង បានប្រឡងជាប់នៅមណ្ឌលនេះក្នុងឆ្នាំដដែល។
ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩ លោក ឌូធើត បានក្លាយជាមេធាវីម្នាក់ នៅឯការិយាល័យរដ្ឋអាជ្ញា នៅទីក្រុង Davao។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៦ លោក ឌូធើត បានព្យាយាមពុះពាររហូតបានឡើងពីជំនួយការរដ្ឋអាជ្ញាថ្នាក់ទី៤ មកកាន់តំណែងជាជំនួយរដ្ឋអាជ្ញាក្រុង Davao ថ្នាក់ទីពីរ។ នៅឆ្នាំ១៩៨៦ លោកត្រូវបានតែងតាំង ជាអភិបាលរងក្រុង Davao និងនៅឆ្នាំ១៩៨៨ ក៏បានក្លាយជាអភិបាលតែម្តង លោកបន្តជាប់ឆ្នោតជាអភិបាលក្រុង Davao រហូតដល់ឆ្នាំ១៩៩២ និង១៩៩៥។
នៅឆ្នាំ១៩៩៨ ដោយសារតែលោកគ្រប់អាណត្តិ មិនអាចឈរឈ្មោះជាអភិបាលក្រុងទៀត លោក Duterte ក៏បានសម្រេចឈរឈ្មោះជាតំណាងរាស្ត្រ ហើយក៏បានក្លាយជាសមាជិកសភាតំណាងឲ្យទៅក្រុង Davao។ នៅឆ្នាំ២០០១ លោកបានសម្រេចចិត្តឈរឈ្មោះម្តងទៀត ធ្វើជាអភិបាលក្រុង Davao ជាលើកទី៤ ហើយក៏បានជាប់ដូចបំណង តំណែងរបស់លោកត្រូវបានបន្តនៅពីរអាណត្តិទៀតគឺឆ្នាំ២០០៤ និង ២០០៧។
នៅឆ្នាំ២០០៧ លោក ឌូធើតេ ត្រូវបានជ្រើសតាំងជាអភិបាលក្រុង Davao ខណៈកូនស្រីរបស់លោក គឺនាង Sara Duterte-Carpio ត្រូវបានជ្រើសតាំងជា អភិបាលរងក្រុង។ ចាប់តាំងពីឆ្នាំ២០១០ លោក ឌូធើតេ ហាក់ពេញចិត្តនឹងបន្តធ្វើជាអភិបាលក្រុង Davao ដដែល។ នៅក្នុងតំបន់ដែល លោកគ្រប់គ្រង លោកបានរឹតបន្តឹងយ៉ាងខ្លាំងនូវសន្តិសុខសង្គម ជាពិសេសការបង្ក្រាបអំពើឧក្រិដកម្ម ដូចជាការចាប់រំលោភ លួចឆក់ប្លន់ និងអំពើពុករលួយជាដើម។
នៅឆ្នាំ២០១៥ របាយការណ៍ស្ថានភាពឧក្រិដ្ឋកម្មថ្នាក់ជាតិ បានចេញមកបង្ហាញថាទីក្រុង Davao គឺស្ថិតនៅក្នុងចំណោមទីក្រុងទាំង១៥ នៅប្រទេសហ្វីលីពីន អំឡុងឆ្នាំ២០១០ ដល់២០១៥ ដែលមានករណីសម្លាប់រង្គាលខ្លាំងជាងគេ, ជាប់លេខ២ សម្រាប់ករណីចាប់រំលោភ និងជាប់លេខ៣ សម្រាប់អំពើចាប់ជម្រិត ដែលបញ្ហាទាំងអស់នេះបានកក្រើកឡើងភ្លាមៗ ក្រោយពីរូបលោកអស់តំណែងជាអភិបាលក្រុងនេះតទៅទៀត។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ លោកបានចាប់ផ្តើមដាក់ពាក្យឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតី ក្នុងនាមជាមេដឹកនាំបក្ស PDP-Laban របស់លោកផ្ទាល់។ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែមេសា ក្រុមស្ទាបស្ទង់មតិមួយ បានចេញរបាយការណ៍បឋមរបស់ខ្លួនថា ប្រជាជនហ្វីលីពីន ៣៣ភាគរយ នឹងបោះឆ្នោតឲ្យលោក Duterte ឡើងធ្វើជាប្រធានាធិបតី ទើបនៅថ្ងៃទី០៩ ខែឧសភា លោកក៏បានទទួលតំណែងនេះប្រាកដមែន។
* ទទួលបានអំណាចជាប្រធានាធិបតីហ្វីលីពីន បើកប្រតិបត្តិការ៖
សង្គ្រាមគ្រឿងញៀននៅប្រទេសហ្វីលីពីន ក្នុងរយៈពេល៣ខែពេលទទួលបានអំណាចជាប្រធានាធិបតី មានមនុស្សជាង៣៥០០នាក់ ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងមានសមត្ថកិច្ច និងកម្លាំងមហាជន។ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានបង្ហាញការភ្ញាក់ផ្អើល និងទទួលស្គាល់ថា បញ្ហាគ្រឿងញៀន ដែលកំពុងចរាចរណ៍នៅក្នុង ប្រទេសដីកោះមួយនេះពិតជាអាក្រក់លើសពីការរំពឹងទុករបស់លោកទៅទៀត ហើយលោកទើបដឹងរឿងនេះកាន់តែច្បាស់ នៅពេលឡើងកាន់តំណែង ជាមេដឹកនាំប្រទេសជាតិមួយនេះតែម្តង។
បុរសខ្លាំងដែលកំពុងទាក់ទាញការចាប់អារម្មណ៍បំផុត ពីក្រសែភ្នែកអន្តរជាតិទាំងមូលរូបនេះ និងក៏ធ្លាប់ជាអ្នកសាងជោគជ័យជាក់ស្តែងក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម គ្រឿងញៀន នៅក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ គឺទីក្រុង Davao នោះបានលើកឡើងដូច្នេះថា «ខ្ញុំមិនដែលនឹកស្មានដល់សោះ ថាបញ្ហាគ្រឿងញៀនក្នុង សាធារណរដ្ឋមួយនេះ វាធ្ងន់ធ្ងរ និងអាក្រក់ដល់កម្រិតនេះ រហូតដល់ខ្ញុំបានក្លាយជាប្រធានាធិបតី»។
បុរសខ្លាំងរូបនោះមិនរវល់នឹងការរិះគន់ ឬថ្កោលទោសពីស្ថាប័នសិទ្ធិមនុស្ស UN ឬ សូម្បីសហរដ្ឋអាមេរិក។ លោកបានថ្លែងទៀតថា លោកសម្លាប់បន្ថែមទៀតរហូតដល់ នៅសល់តែឧក្រិដ្ឋជនចុងក្រោយមួយ ត្រូវបានសម្អាតចេញពីដងផ្លូវ។ អ្វីដែលជារឿងធំជាងគេក្នុងចំណោមបញ្ហាគ្រឿងញៀន នៅហ្វីលីពីននោះ គឺការផលិត សារធាតុញៀន មេតំហ្វេតាមីន ដោយក្រុមឈ្មួញនៅក្នុងស្រុក ដែលវាជារឿងស្មុគស្មាញ និងពិបាកនៅក្នុងការជីកឬសគល់ណាស់។
ងាកមកសហរដ្ឋអាមេរិកវិញ បុរសខ្លាំងរបស់ហ្វីលីពីនរូបនេះបានជេរប្រមាថកប់ៗមាត់ រហូតដល់ប្រមុខដឹកនាំ UN ផងដែរ អំពីបញ្ហាជាច្រើនរាប់ទាំងការងារ សិទ្ធិមនុស្ស។ ហើយកន្លងមកលោកក៏បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកផងដែរ ដោយងាកទៅរកមហាអំណាចចិនវិញ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅចិននាពេលកន្លងមក ដោយនៅមុនពេលជួបផ្ទាល់ជាមួយលោក ស៊ី ជិនពីង, លោក ឌូធើតេ បានថ្លែងទៅកាន់ សហគមន៍ហ្វីលីពីនថា ប្រទេសលោកបានទទួលផលចំណេញតិចតួចប៉ុណ្ណោះ ពីទំនាក់ទំនងដ៏យូអង្វែងជាមួយសហរដ្ឋអាមេរិក ដោយលោកសង្កត់ធ្ងន់ថា «អ្នក (សហរដ្ឋអាមេរិក) បានស្ថិតនៅក្នុងប្រទេសរបស់យើងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះវាដល់ពេលនិយាយលាគ្នាហើយមិត្តសំឡាញ់!។ ខ្ញុំនឹងមិនទៅសហរដ្ឋអាមេរិកទៀតនោះទេ ព្រោះថាខ្ញុំអាចនឹងត្រូវគេជេរនៅទីនោះ»។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ថ្លែងនៅក្នុងបទសម្ភាសន៍ដ៏កម្របំផុតមួយជាមួយទូរទស្សន៍ Al Jazeera ដ៏ល្បីរបស់អារ៉ាប់ប្រធានាធិបតីហ្វីលីពីន រូបនោះ បានបកស្រាយបញ្ហា ជាច្រើនពាក់ព័ន្ធនឹងជំហររបស់លោក ដែលកំពុងតែងាកសំដៅទៅរក ប្រទេសចិន និងទាត់ចោលទំនាក់ទំនងរាប់រយឆ្នាំ ជាមួយអាមេរិក ដោយក្នុងនោះលោកបានផ្តោតសំខាន់បំផុត ទៅលើសង្គ្រាមដែលហ្វីលីពីន នឹងក្លាយជាជនរងគ្រោះតែម្នាក់ឯងប៉ុណ្ណោះ។
លោកប្រធានាធិបតីរូបនោះ បានឆ្លើយតបចំពោះសំនួររបស់ពិធីករទាំងពីររូបថា៖ «យើងមានការថ្លឹងថ្លែងបែបនេះ គឺមានរឿងតែពីរប៉ុណ្ណោះ ដោយទីមួយគឺការប្រយុទ្ធគ្នា និងទីពីរគឺការពិភាក្សាគ្នា។ ប្រសិនបើខ្ញុំជ្រើសរើសយកសង្គ្រាម តើខ្ញុំនឹងត្រូវប្រយុទ្ធតែម្នាក់ឯង ឬក៏ត្រូវអំពាវនាវឲ្យប្រទេសផ្សេងៗជួយ? តើនរណា? តើប្រទេសណា នឹងជួយខ្ញុំហើយមកស្លាប់ដើម្បីប្រទេសខ្ញុំ បើមិនមែនខ្ញុំខ្លួនឯង? ដូច្នេះយើងអាចត្រឹមតែពិភាក្សាគ្នាប៉ុណ្ណោះ ហើយគេបានអញ្ជើញខ្ញុំទៅពិភាក្សា នោះខ្ញុំត្រូវតែទៅ»។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានថ្លែងនៅអំឡុងពេលដែលលោកត្រៀម ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថា លោកចង់ឲ្យកងទ័ពបរទេស (អាមេរិក) ចាកចេញពីប្រទេសដីកោះមួយនេះ នាយ៉ាងហោចណាស់ពីរឆ្នាំខាងមុខ។ ជុំវិញការត្រួតត្រារបស់អាមេរិក មកលើប្រទេសហ្វីលីពីនជាងកន្លះសតវត្សរ៍មកនេះ លោក ឌូធើតេ បានអះអាងច្បាស់ៗថា លោកនឹងជំរុញឲ្យមានការអនុវត្តន៍នយោបាយការបរទេសឯករាជ្យ ហើយហ្វីលីពីននឹងនៅតែរស់រានជានិច្ច បើទោះបីជាគ្មានជំនួយពីសហរដ្ឋអាមេរិកក៏ដោយ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សារព័ត៌មានរុស្ស៊ិ បានផ្សាយថា បុរសខ្លាំងហ្វីលីពីនបាននិយាយថា នឹងធ្វើការកត់សម្គាល់ឡើងវិញ ជុំវិញទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក ក៏ដូចជាទស្សនវិស័យស្ដីពីទំនាក់ទំនងទ្វេភាគី រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ក្រោមរបបដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែនៅតែរិះគន់ថាសហរដ្ឋអាមេរិក ចូលចិត្តដាក់បញ្ជា ឬលក្ខខណ្ឌឱ្យគេធ្វើតាម ហើយបើគេមិនព្រម អាងអីខ្ទប់ដង្ហើមអ្នកដ៏ទៃ។
នៅដើមខែធ្នូ នាពេលថ្មីៗនេះ នៅក្នុងឱកាសជួបសំណេះសំណាលគ្នាតាមរយៈទូរស័ព្ទអនាគតប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិកអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការអញ្ជើញប្រធានធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ ឲ្យទៅធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឯសេតវិមាន នាឆ្នាំ២០១៧ខាងមុខនេះ ខណៈលោក ត្រាំ នឹងត្រូវចូលស្បថកាន់ តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
នៅព្រលប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសផ្លូវការមួយដោយបញ្ជាក់ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ហៅបុរសខ្លាំងហ្វីលីពីន នឹងមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា៕