(ប៉ាគីស្ថាន)៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA ជាមួយនឹងមនុស្សចំនួន ៤៧នាក់បានធ្លាក់នៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងតំបន់ជួរភ្នំភាគខាងជើងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល ដកស្រង់ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
ខាងក្រោមនេះជាព័ត៌មានលម្អិត ជុំវិញហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់នេះ៖
១៖ ពេលវេលា៖ យន្តហោះនេះបានចេញដំណើរ នៅវេលាម៉ោងប្រមាណ ៣៖០០នាទីរសៀល ហើយបានបាត់ដំណឹងនៅវេលាម៉ោង៤៖៣០នាទីរសៀល និងបានធ្លាក់ក្នុងទីតាំងមួយនៅវេលាម៉ោង៤៖៤២នាទី (ម៉ោងក្នុងតំបន់)។
២៖ ទីតាំង៖ យន្តហោះនេះហោះហើរចេញពីតំបន់ Chitral ភាគខាងជើងប្រទេសប៉ាគីស្ថានក្នុងគោលដៅឆ្ពោះទៅកាន់រដ្ឋធានីឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ជាអកុសលវាបានធ្លាក់នៅក្នុងតំបន់ Havelian នៃខេត្ត Khyber Pakhtunkhwa ដែលមានចម្ងាយប្រមាណ១២៥គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីឥស្លាម៉ាបាដ។
៣៖ ហេតុការណ៍ក្នុងពេលធ្លាក់យន្តហោះ៖ ក្រុមហ៊ុន PIA បានបញ្ជាក់ថាយន្តហោះបានបាត់ដំណឹង ខណៈកំពុងហោះហើរទៅកាន់រដ្ឋធានីឥស្លាម៉ាបាដ។ បន្ទាប់ពីការបាត់ដំណឹងភ្លាម ប៉ូលីសបានធ្វើសេចក្តីរាយការណ៍ថាយន្តហោះបានធ្លាក់។ បំណែកនៃតួយន្តហោះត្រូវបានត្រូវរប៉ាត់រប៉ាយ នៅក្នុងតំបន់ភ្នំនៃខេត្ត Havelain ដែលស្ថិតនៅកន្លែងកើតហេតុផ្ទាល់។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅតំបន់ជួរភ្នំ បន្ទាប់មកបានបុកទៅនឹងដី ហើយឆាបឆេះតែម្តង។ ទិដ្ឋភាពនៅតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញស្ថានភាពនៅកន្លែងកើតហេតុ ដោយបំណែកនៃយន្តហោះ ត្រូវបានអណ្តាតភ្លើងលេបត្របាក់នៅត្រង់ជម្រាលភ្នំ។ ចំពោះមូលហេតុនៃការធ្លាក់យន្តហោះមិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់បាននៅឡើយ ប៉ុន្តែមានការសង្ស័យថាវាបានជួបបញ្ហាផ្នែកម៉ាស៊ីន។
៤៖ អ្នកដំណើរ៖ យោងតាមប្រភពពីមន្ត្រីរបស់ក្រុមហ៊ុន PIA ផ្ទាល់បានបញ្ជាក់ថា នៅលើយន្តហោះនេះ មានមនុស្សចំនួន ៤៧នាក់ក្នុងនោះរួមមានអ្នកដំណើរ ៤២នាក់ និងសហសេវិក ០៥នាក់។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងគេបានរកឃើញ សាកសពដែលត្រូវបានឆេះខ្លោចរហូតមិនអាចកំណត់អត្តសញ្ញាណបានឡើយ។ សូមជម្រាបថាលោក Junaid Jamshed ដែលជាតារា Pop ដ៏ល្បីល្បាញរបស់ប្រទេស ប៉ាគីស្ថានក៏ស្ថិតនៅលើយន្តហោះធ្លាក់នេះផងដែរ។
លោកជាតារាចម្រៀងប្រចាំក្រុម Rock ដ៏ល្បីល្បាញទីមួយរបស់ប្រទេសប៉ាគីស្ថានក្នុងអំឡុងនៃទសវត្សរ៍ឆ្នាំ១៩៩០ តែក្រោយមកបានបោះបង់អាជីពជាអ្នកចម្រៀងទៅចូលរួមក្នុងក្រុម Tableeghi Jamaat។ លោកតែងតែធ្វើដំណើរទូទាំងប្រទេស ប៉ាគីស្ថាន និងទៅបរទេសដើម្បីទេសនាធម៌ក្នុងឥស្លាមសាសនា។
នៅលើយន្តហោះនេះក៏មានលោក Osama Warraich ជាមន្ត្រីការិយាល័យជនស៊ីវិលជាន់ខ្ពស់ ដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីឥស្លាម៉ាបាដជាមួយភរិយា និងកូនប្រុសរបស់លោក។ ជាមួយគ្នានេះដែរនៅលើយន្តហោះក៏មានអ្នកដំណើរពីរបីនាក់ដែលមានឈ្មោះ ជាជនបរទេសផងដែរ។ ចំពោះសហសេវិកនៅលើយន្តហោះវិញរួមមាន អ្នកបើកបរយន្តហោះឈ្មោះ Saaleh Janjua, លោក Ali Akram, និងលោក Ahmed Janua។
៥៖ ប្រភេទយន្តហោះ និងក្រុមហ៊ុន៖ យន្តហោះដែលបានធ្លាក់នេះប្រភេទ ATR-42 និងជើងហោះហើរលេខ PK-661 វាជាជើងហោះហើរក្នុងស្រុក។ យន្តហោះត្រូវបានផលិតដោយក្រុមហ៊ុន ATR ដែលមានតម្លៃជាទឹកប្រាក់ចំនួនជាប់ពី១២លាន ទៅ១៦លានដុល្លារអាមេរិក។
៦៖ ការងារជួយសង្គ្រោះ៖ ប្រភពពីក្រុមយោធាប៉ាគីស្ថានបានបញ្ជាក់ថា ពួកគេបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះ បន្ទាន់និងឧទ្ធម្ភាគចក្រទៅកាន់កន្លែងកើតហេតុ។ ជាអកុសលគ្មានអ្នកណាម្នាក់នៅលើយន្តហោះនៅរស់រានមានជីវិតឡើយ។ មន្ត្រីប៉ូលីសម្នាក់ឈ្មោះ Kurshid Tanoli បានបញ្ជាក់ថា សាកសព ២៦នាក់ត្រូវបានយកចេញ ខណៈដែលសាកសពដទៃទៀតនៅជាប់ក្នុងយន្តហោះនៅឡើយ។
ការងារជួយសង្គ្រោះនេះ ជួបការលំបាកដោយសារតែអណ្តាតភ្លើងកំពុងឆាបឆេះហើយស្ថានភាពដីជាតំបន់ភ្នំ។ រថយន្តនានា និងរថយន្តសង្គ្រោះបន្ទាន់អាចត្រឹមតែចតនៅក្នុងភូមិ Batolani ហើយពួកគេត្រូវចំណាយពេលប្រហែល៣០នាទីដើម្បីធ្វើដំណើរទៅកាន់កន្លែងកើតហេតុដោយថ្មើរជើង។
សូមជម្រាបថាហេតុការណ៍ធ្លាក់យន្តហោះក្នុងប្រទេសប៉ាគីស្ថាន មិនមែនជារឿងថ្មី និងចម្លែកនោះទេ ខណៈដែលស្តង់ដាសុវត្ថិភាពនៃការធ្វើដំណើរតាមយន្តហោះក្នុងប្រទេសនេះ ទទួលរងនៅការរិះគន់ជាខ្លាំង។ ក្នុងពេលថ្មីៗនេះមានសេចក្តីរាយការណ៍អំពីហេតុការណ៍ជាច្រើន ដែលយន្តហោះបម្រុងនឺងជួបនឹងឧប្បតិហេតុប៉ះទង្គិចផ្សេងៗ ហើយយន្តហោះមួយចំនួនទៀតបានរត់ខុសផ្លូវ ឬម៉ាស៊ីនត្រូវឆេះជាដើម។
គួររំលឹកផងដែរថាកាលពីឆ្នាំ២០១០ កន្លងទៅនេះយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងក្បែររដ្ឋធានីឥស្លាម៉ាបាដ ដែលបណ្តាលឱ្យមនុស្ស ១៥២នាក់ស្លាប់។ ពីរឆ្នាំក្រោយមកយន្តហោះរបស់ក្រុមហ៊ុនឯកជនក្នុងប្រទេសប៉ាគីស្ថាន ជាមួយនឹងមនុស្សទាំងអស់នៅលើយន្តហោះ ១២៧នាក់បានស្លាប់បាត់បង់ជីវិត៕