(បាងកក)៖ ប៉ូលិសថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ជនសង្ស័យជួញដូរគ្រឿងញៀន ០៧នាក់ ត្រូវបានបាញ់សម្លាប់នៅអំឡុងពេលប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាមួយអាជ្ញាធរ នៅឯខេត្តភាគខាងជើងនៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងដែរថា ការប៉ះទង្គិចគ្នារយៈពេល ១៥នាទីដោយអាវុធរវាងក្រុមជនសង្ស័យជួញដូរគ្រឿងញៀន និងក្រុមប៉ូលិសបានកើតឡើងនៅក្នុងស្រុក Mae Aye នៃខេត្ត Chiang Mai ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះប៉ូលិសបានបាញ់សម្លាប់ជនសង្ស័យចំនួន ០៧នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនចូលទៅកាន់តំបន់ភ្នំ។
គួររំលឹកថានៅក្នុងប្រតិបត្តិការនេះ ក្រុមប៉ូលិសថៃបានរឹបអូសគ្រឿងញៀន «មេតំហ្វេតាមីន» យ៉ាងហាចណាស់ ៤០០,០០០កញ្ចប់ និងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ១០គីឡូក្រាមផងដែរ៕