(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងជាមហាសេដ្ឋីអចលនទ្រព្យមួយរូបបានធ្វើការរិះគន់ធ្ងន់ៗទៅលើក្រុមហ៊ុន Boeing ថាយន្តហោះ Air Force One ជំនាន់ថ្មីថ្លៃហួសហេតុនោះ មានសេចក្តីរាយការណ៍មួយចំនួនបានបង្ហាញថា ការផលិតយន្តហោះសម្រាប់មេដឹកនាំកំពូលនៃសហរដ្ឋអាមេរិកទំនងជាសក្តិសមបំផុតទៅនឹងតម្លៃរបស់វា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
យន្តហោះ Air Force One បច្ចុប្បន្នមានចំណាស់ជិតបីទសវត្សរ៍មកហើយនេះតាមពិតទៅ គឺជាយន្តហោះ Boeing 7470-200 កែច្នៃដែលមានប្រវែង ៧០.៦ម៉ែត្រ និងមានទទឹងពីចុងស្លាបម្ខាងទៅម្ខាងប្រវែងមិនខ្លីជាង ៥៩.៦ម៉ែត្រនោះឡើយដើម្បីបំពេញតម្រូវចាំបាច់ ជាពិសេសៗរបស់ប្រធានាធិបតីអាមេរិក។
បន្ថែមពីនេះវាត្រូវបានគេដាក់រហ័សនាមថា «ការិយាល័យហោះ» ឬក៏ «បន្ទាយលើអាកាស» របស់មេដឹកនាំកំពូលនៃសហរដ្ឋអាមេរិកយន្តហោះបីថ្នាក់នេះ មានទំហំ៤០០ម៉ែត្រការ៉េនិងអាចផ្ទុកបាននូវបន្ទប់ប្រជុំមួយ, បន្ទប់ស្រស់ស្រូបអាហារមួយ, បន្ទប់ឯកជនផ្សេងៗសម្រាប់ប្រធានាធិបតី, ការិយាល័យសម្រាប់មន្រ្តីជាន់ខ្ពស់, កន្លែងធ្វើសន្និសីទកាសែត, បន្ទប់ប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត ដែលអមជាមួយនិងក្រុមវេជ្ជបណ្ឌិតគ្រប់ជើងហោះហើរទាំងអស់, ផ្ទះបាយសម្រាប់ធ្វើម្ហូបចំនួនពីរកន្លែងដែលអាចទទួលភ្ញៀវដល់ទៅ ១០០នាក់, និងប្រព័ន្ធទំនាក់ទំនង ដ៏សម្បូរបែបនិងទំនើបៗជាច្រើនទៀត។
បន្ថែមពីនេះយន្តហោះ Air Force One ក៏មានប៉ុស្តិ៍បញ្ជាការដែនអាកាស និងសម្ភារៈការពារខ្លួនដូចជាមីស៊ីលប្រឆាំងយន្តហោះចម្បាំងជាដើមផងដែរ ហើយជាងនេះទៅទៀត វាមានសមត្ថភាពធ្វើប្រតិបត្តិការបានជាធម្មតាសូម្បីតែនៅក្នុងកាលៈទេសៈនៃសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។
នៅក្រោមកិច្ចសន្យាជាមួយរដ្ឋាភិបាល ក្រុមហ៊ុន Boeing ដែលជាអ្នកផលិតយន្តហោះឲ្យសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៤៣ មកនោះកំពុងតែផលិតយន្តហោះប្រធានាធិបតីថ្មី ដោយប្រើប្រាស់យន្តហោះ Boeing 747-8 ដែលមានទំហំធំជាង និងប្រសើរជាងមុនជាគំរូ ប៉ុន្តែថវិកាសម្រាប់គំរោងនៃការផ្លាស់ប្តូរដ៏សំខាន់នេះ បានដាក់កំណត់តម្លៃត្រឹម ២.៩ពាន់លានដុល្លារតែប៉ុណ្ណោះ។
ដោយឡែកប្រធានាធិបតីអាមេរិកត្រូវការយន្តហោះ Air Force One ចំនួនពីរគ្រឿងដើម្បីធានាឲ្យបានជានិច្ចនូវតម្រូវការរបស់លោកក្នុងករណីដែល យន្តហោះមួយគ្រឿងត្រូវស្ថិតក្រោមការជួសជុល ហើយយន្តហោះជំនាន់ថ្មីនេះត្រូវគេរំពឹងថានឹងមានទំហំធំជាងមុន និងបំពាក់ដោយសម្ភារៈបរិក្ខាដ៏ល្អប្រសើរផងដែរ ដែលវាធ្វើឲ្យការចំណាយសរុបមានចំនួនប្រហែលជាង ៤ពាន់លានដុល្លារ។ នេះគឺជាអ្វីដែលលោក ដូណាល់ ត្រាំ អនាគតមេដឹកនាំកំពូលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនោះ ដោយលោកបានិយាយថាតម្លៃគឺថ្លៃហួសហេតុ និងបានស្នើឲ្យលុបចោលការបញ្ជាទិញជាបន្ទាន់ តាមរយៈគណនី Twitter របស់លោក។
យ៉ាងណាមិញលោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តដែលមានចំណេះដឹងទំលំទូលាយទាក់ទងនឹងការទិញដូរអាវុធការពារជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថាតម្លៃនេះមើលទៅគឺសមរម្យ ដោយយន្តហោះ Air Force One ថ្មីនឹងត្រូវធ្វើការតំឡើងប្រព័ន្ធអគ្គិសនីទៅជាទម្រង់បែបយោធាទាំងអស់ និងមានប្រព័ន្ធថាមពលបម្រុងចំនួនពីរ, រួមជាមួយបរិក្ខាទាក់ទងយោធា ព្រមទាំងប្រព័ន្ធការពារខ្លួនផងដែរ ដែលរបស់ទាំងអស់នេះមានតម្លៃថ្លៃ និងត្រូវចំណាយពេលយូរឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៍ និងរួមបញ្ចូលគ្នា។
គួរបញ្ជាក់ថាសេតវិមានរំពឹងថាយន្តហោះប្រធានាធិបតីជំនាន់ថ្មីនេះ នឹងអាចដាក់ឲ្យប្រើប្រាស់បានជាផ្លូវការនៅក្នុងឆ្នាំ២០២៣ ដែលមានន័យថាអនាគតប្រធានាធិបតីគឺលោក ដូណាល់ ត្រាំ ជាអ្នកមាននាទីទទួលបន្ទុកអនុវត្តន៍កម្មវិធីនេះទៅមុខទៀតបន្តពីលោក បារ៉ាក់ អូបាម៉ា៕