(ព្យុងយ៉ាង)៖ ជំទាវទី១ និងជាភរិយាមេដឹកនាំលេខមួយគ្មានពីរ នៃរបបដឹកនាំក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន គឺលោកស្រី រី សូលជូ (Ri Sol Ju) បានបង្ហាញខ្លួនជាសារធាណៈឡើងវិញហើយក្នុងការចូលរួមទស្សនាការហ្វឹកហ្វឺនរបស់កងទ័ពអាកាស កូរ៉េខាងជើងកាលពីថ្ងៃទី០៤ ខែធ្នូ នៅបន្ទាប់ពីបានបាត់មុខអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ នេះបើតាមស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ដែលដកស្រង់ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
នេះគឺជាលើកដំបូងបំផុតដែលលោកស្រី រី សូលជូ បង្ហាញខ្លួនជាសាធារណៈក្រោយអវត្តមានអស់រយៈពេល៩ខែ។ លោកស្រីត្រូវបានគេឃើញជាលើកចុងក្រោយ នៅក្នុងឱកាសចូលរួមពិធីមួយជាមួយស្វាមី កាលពីថ្ងៃទី២៨ ខែមីនា ខណៈអវត្តមានរបស់លោកស្រី សូលជូ ត្រូវបានពាក្យចរចាមអារ៉ាមជាច្រើនលើកឡើងថាលោកស្រីអាចមានផ្ទៃពោះ ឬក៏មានជម្លោះជាមួយលោក គីម ជុងអ៊ុន។
ប៉ុន្តែយ៉ាងណាក៏ដោយបើធៀបទៅនឹងជីតា (លោក គីម អ៊ីលស៊ុង) និងឪពុក(លោក គីម ជុងអ៊ីល) លោក គីម ជុង អ៊ុន និងលោកស្រី រី សូលជូ បានបង្ហាញមុខនៅតាមទីសាធារណៈច្រើនជាងអតីតមេដឹកនាំកូរ៉េខាងជើងទំាងពីររូបជំនាន់មុន ដែលតែតែងបានលាក់ភរិយារបស់ខ្លួន ឱ្យនៅឆ្ងាយពីក្រខែ្សភ្នែកសាធារណៈជន៕