(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីដ៏មហាប្រល័យមួយមានកំរិត ៦.៥រ៉ិចទ័រដែលបានវាយប្រហារខេត្ត អាសេ (Aceh) ភាគខាងជើងកោះសូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃពុធម្សិលមិញ បានកើនឡើងដល់១០២នាក់ហើយ ខណៈមនុស្សជាង ៧០០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅចម្ងាយប្រមាណជា ១០គីឡូម៉ែត្រ ពីឆ្នេរភាគឦសាននៃខេត្ត Aceh នាវេលាម៉ោង ៥៖០៣នាទី (ម៉ោងក្នុងទីក្រុងហ្សាការតា) ប៉ុន្តែពុំមានសេចក្តីប្រកាសពីរលកយក្សស៊ូណាមិ នោះទេស្របពេលទាហាន ១,០០០នាក់ និងប៉ូលិស ៩០០នាក់បាននិងកំពុងដុតដៃដុតជើងជួយសង្រ្គោះ ក៏ដូចជាស្វែងរកអ្នកមានជីវិតអាចជាប់នៅក្រោមគំនរអាគារបាក់បែក។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីតែងតែជួបប្រទះគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់ដោយសារតែទីតាំងភូមិសាស្រ្តរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំទីតាំងដ៏ពិសេសដែលគេហៅថា «The Pacific Ring of Fire»។ តួយ៉ាងកាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.២រ៉ិចទ័រដ៏សាហាវមួយបានបង្កជារលកយក្សស៊ូណាមិដែលបានវាយប្រហារទៅលើបណ្តាប្រទេសដែលស្ថិតនៅជុំវិញមហាសមុទ្រឥណ្ឌា ដោយឥណ្ឌូណេស៊ីគឺជាចំណុចដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយសារតែកាលនោះ នៅក្នុងខេត្ត Aceh តែឯងប៉ុណ្ណោះមានចំនួនអ្នកស្លាប់មិនតិចជាង ១២០,០០០នាក់ឡើយ៕