(អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថានបានផ្ដើមប្រារព្ធពិធីកាន់ទុក្ខនៅថ្ងៃព្រហស្បតិ៍នេះ ដល់ជនរងគ្រោះទាំង ៤៧នាក់ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនៃជើងហោះហើរ PK 661 របស់ក្រុមហ៊ុនអាកាសចរណ៍ Pakistani International Airlines កាលពីថ្ងៃពុធម្សិលមិញ នៅឯភាគខាងជើងនៃប្រទេសហើយនេះគឺសោកនាដកម្មធ្លាក់យន្ដហោះ ដែលបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេ នៅរយៈពេលបួនឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមប្រភពក្រៅផ្លូវការ បញ្ហាគ្រឿងម៉ាស៊ីនអាចជាមូលហេតុចម្បងធ្វើឱ្យយន្ដហោះនេះធ្លាក់ ក៏ប៉ុន្តែព្រមពេលជាមួយគ្នានេះប្រធានក្រុមហ៊ុនអាកាសចរណ៍ Pakistani International Airlines លោក មូហាំម៉ាត់ អាហ្សំា សៃហ្គូល (Muhammad Azam Saigol) បានបដិសេធចំពោះការលើកឡើងនេះ ដោយលោកបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថាបញ្ហាបចេ្ចកទេស ឬក៏កំហុសប្រព្រឹត្តិដោយមនុស្ស មិនមែនជាមូលហេតុធ្វើឱ្យយន្ដហោះធ្លាក់ឡើយ»។
គួរបញ្ជាក់ថាជើងហោះហើរ PK 661 ដឹកមនុស្ស ៤៧នាក់ក្នុងនោះមានកុមារពីរនាក់ ជនបរទេស០៣នាក់ រួមទាំងបុគ្គលិកយន្ដហោះ០៥នាក់ មានគោលដៅហោះហើរពីទីក្រុង Chitral ឆ្ពោះទៅកាន់រដ្ឋធានី អ៉ីស្លាម៉ាបាដ ក៏ប៉ុន្តែក្រោយមកត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅឯតំបន់ភ្នំក្បែរទីក្រុង Havelian នៃខត្ត Khyber-Pakhtunkhwa ស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន។ ចំណែកឯក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុដែលបណ្ដាលឱ្យយន្ដហោះនេះធ្លាក់៕