(ហាណូយ)៖ ភ្លៀងធ្លាក់ដូចបាក់មេឃដែលបានបង្កជាទឹកជំនន់នៅក្នុងរយៈពេល ០៨ថ្ងៃចុងក្រោយនេះ បានឆក់យកជីវិតមនុស្សចំនួន ១៧នាក់នៅភាគកណ្តាលនៃប្រទេសវៀតណាម។ នេះបើតាម នាយកដ្ឋានគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិវៀណាម ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
ខេត្តភាគកណ្តាលប្រទេសវៀតណាមឈ្មោះថា Binh Dinh ស្ថិតនៅចម្ងាយប្រមាណ ៨៨០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងហាណូយ គឺជាតំបន់ដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយមានមនុស្សចំនួន ០៩បានបាត់បង់ជីវិត, សហគមន៍ចំនួន ២០ ត្រូវបានកាត់ផ្តាច់, និងដីស្រែទំហំជាង ១២,០០០ហិកតាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈសត្វគោក្របី និងមាន់ទារាប់ពាន់ក្បាល ត្រូវបានហូរនាំយកទៅជាមួយនឹងចរន្តទឹកជំនន់។
បើយោងតាមនាយកដ្ឋានខាងលើ ស្របពេលជាមួយគ្នានៅក្នុងខេត្ត Quang Ngai ភាគកណ្តាលប្រទេសដូចគ្នាមនុស្សចំនួន ០៨នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀង ហើយលំនៅឋានចំនួន ៨៥០ខ្នងរងការខូចខាត រីឯប្រជាជនវៀតណាមជាង ៨០០គ្រួសារត្រូវបានបង្ខំចិត្តឲ្យជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។
គួរបញ្ជាក់ដែរថាដើម្បីដោះស្រាយស្ថានការណ៍នេះ ក៏ដូចជាផ្តល់ស្ថិរភាពរស់នៅជូនប្រជាជនវិញនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើទៅកាន់រដ្ឋាភិបាលថ្នាក់តំបន់ និងក្រសួងពាក់ព័ន្ធទាំងអស់ជួយធ្វើការសម្របសម្រួល និងសហការគ្នាឲ្យបានល្អដើម្បីយកឈ្នះនូវគ្រោះមហន្តរាយធម្មជាតិនេះ ដែលតែងវាយប្រហារមកលើភាគកណ្តាលប្រទេសវៀតណាម និងសម្លាប់មនុស្សអស់ជាច្រើននាក់ព្រមទាំងបានធ្វើឲ្យរដ្ឋាភិបាល ខាតបង់ប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗផងដែរ៕