(សិង្ហបុរី)៖ ច្បាប់កាត់ទោសប្រហារជីវិតកំពុងទទួលបានគាំទ្រជាច្រើនពីសំណាក់ប្រជាជនសិង្ហបុរីដល់ទៅ ៧០ភាគរយ ប៉ុន្តែការគ្រាំទ្រមានភាពខុសគ្នាដោយអាស្រ័យលើកម្រិតនៃបទល្មើស និងស្ថានការណ៍ជាក់ស្តែង។ នេះបើតាមកការស្ទង់មតិរបស់មហាវិទ្យាល័យច្បាប់នៃសកលវិទ្យាល័យជាតិសិង្ហបុរី ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមអ្នកសិក្សាស្រាវជ្រាវទៅលើការស្ទង់មតិខាងលើ ច្បាប់កាត់ទោសប្រហារជីវិតគឺចាំបាច់ចំពោះបទឧក្រិដ្ឋដូចជា ឃាតកម្ម, ការចាប់ជំរិត, ការរត់ពន្ធគ្រឿងញៀន, និងការប្រើប្រាស់អាវុធខុសច្បាប់ ដោយអ្នកចូលរួមចំនួន ៩២ភាគរយបានឆ្លើយតបថា អំពើឃាតកម្មដោយចេតនាត្រូវទទួលការកាត់ទោសប្រហារជីវិត ខណៈ ៨៨ភាគរយគាំទ្រឲ្យកាត់ទោសប្រហារជីវិត ចំពោះការប្រើប្រាស់អាវុធខុសច្បាប់ និង៨៦ភាគរយផ្សេងទៀតយល់ថាការកាត់ទោសប្រហារជីវិត គឺទុកសម្រាប់អ្នកជួយដូរគ្រឿងញៀន។
គួរបញ្ជាក់ដែរថាមនុស្សវ័យចំណាស់ចាប់ពីអាយុ ៦៦ឆ្នាំទៅទៅ ឬក៏ចាស់ជាងនេះ ទំនងជាគាំទ្រចំពោះការកាត់ទោសប្រហារជីវិតជាជាងមនុស្សវ័យជំទង់ ដែលមានអាយុពី ១៨ ដល់៣៣ឆ្នាំ ហើយការស្ទង់មតិខាងលើត្រូវបានធ្វើឡើងចំពោះពលរដ្ឋសិង្ហបុរីចំនួន ១,៥០០នាក់ មានអាយុចាប់ពី ១៨ ដល់៧៤ឆ្នាំ កាលពីចន្លោះខែមេសា ដល់ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ៕