(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមិនធ្វើការឯកភាពចំពោះការចាត់វិធានការដ៏តឹងរឹងដូចជាបង្កក ឬក៏កម្រិត ទៅលើការអភិវឌ្ឍ កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះឡើយ ដោយសារតែការធ្វើបែបនេះច្បាស់ជា នឹងបង្ហាញចេតនា យល់ច្រឡំមួយទៅកាន់ប្រទេសអ៊ីរ៉ង់ជាក់ជាមិនខាន។ នេះបើតាមសម្តីអ្នកវិភាគជនជាតិអាមេរិកមួយរូប ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
លោក David Straub អតីតមន្រ្តីទូតរបស់ក្រសួងការបរទេសអាមេរិក បានលើកឡើងដូចខាងលើនៅក្នុងអំឡុងនៃកិច្ចពិភាក្សាមួយដែលបានប្រព្រឹត្តទៅនៅឯវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េ ហើយលោកបានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកដាច់ខាតមិនគួរទទួលយកនូវដំណោះស្រាយណាមួយ ក្នុងលក្ខណៈដែលនឹងលុបបំបាត់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងពី ប្រទេសកូរ៉េខាងជើងឡើយ។
លោក Straub បានថ្លែងយ៉ាងដូច្នេះថា «អាមេរិកមិនអាចទទួលស្គាល់ថាកូរ៉េខាងជើងជាប្រទេសនុយក្លេអ៊ែរមួយនោះឡើយទោះបីជាក្នុងទម្រង់ មិនធ្វើការរីកសាយភាយ ឬក៏ជាការបង្កកក៏ដោយហើយខ្ញុំយល់ថាលោក ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលអាមេរីកថ្មី អាចនឹងច្រានចោលនូវ ការពិចារណានានា ចំពោះការបង្កកឬមួយការដាក់កម្រិតទៅលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពីព្រោះតែសញ្ញាដែលទង្វើនេះអាចនឹងបង្ហាញទៅកាន់ប្រទេសអ៊ីរ៉ង់»។
គួរបញ្ជាក់ដែរថា កាលពីខែតុលាអគ្គនាយកនៃក្រសួងស៊ើបការណ៍សម្ងាត់ជាតិអាមេរិកលោក James Clapper ធ្លាប់បានអះអាងថា ការលុបបំបាត់ចោល នូវអាវុធនុយក្លេអ៊ែរទាំងស្រុងពីប្រទេសកូរ៉េខាងជើង ប្រហែលជារឿងមិនអាចទៅរួច និងខាតតែកម្លាំងឥតប្រយោជន៍ប៉ុណ្ណោះ ហើយដំណោះស្រាយដែលល្អបំផុតនោះគឺការដាក់កម្រិតទៅលើសមត្ថភាពរបស់អាវុធនុយក្លេអ៊ែរ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង ប៉ុន្តែក្រសួងការបរទេសអាមេរិកបានបដិសេធ មិនទទួលយកសំណើរបស់លោក Clapper ឡើយហើយនៅតែប្រកាន់គោលជំហរថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងពីកូរ៉េខាងជើង គឺជាគោលដៅចម្បងជានិច្ច៕