(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងកំពុងតែកសាងផ្លូវធ្វើដំណើរខ្សែទី៨ បន្ថែមទៀតដែលជាផ្លូវផ្តាច់មុខសម្រាប់តែលោក គីម ជុងអ៊ុន ប៉ុណ្ណោះធ្វើដំណើរស្ថិតនៅខេត្ត ព្យុងហ្គាន់ខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ ដែលទទួលបានពីរបាយការណ៍របស់ស្ថាប័នអាមេរិក ដែលតាមដានសកម្មភាពកូរ៉េខាងជើង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
លោក Curtis Melvin អ្នកស្រាវជ្រាវនៃវិទ្យាសាស្ត្រអាមេរិក-កូរ៉េ នៃសកលវិទ្យាល័យ Johns Hopkins បានប្រាប់វិទ្យុ RFA ថា ផ្លូវសម្រាប់ធ្វើដំណើរទៅកាន់ព្រលានយន្តហោះខាងលើនេះ មានប្រវែងតែ ៨៧០ម៉ែត្រប៉ុណ្ណោះស្ថិតនៅក្នុងស្រុក Unsan នៃខេត្តព្យុងហ្គាន់ខាងត្បូង ហើយវាមានឈ្មោះថាផ្លូវទី៨ មានទីតាំងស្ថិតនៅក្បែររោងចក្រផលិតស៊ីម៉ង់ត៍ និងជីករ៉ែដែលទើបកសាងថ្មីនៅទីនោះ។
ព័ត៌មានដែលគេទទួលបានខាងលើនេះ បាននាំឲ្យគេអាចវិភាគថាលោក គីម ជុងអ៊ុន នឹងប្រើប្រាស់វិថីផ្តាច់មុខនេះដើម្បីត្រួតពិនិត្យដោយផ្ទាល់លើសកម្មភាពរបស់មន្ត្រីនានាក្នុងតំបន់ និងការអភិវឌ្ឍរោងចក្រដែលទើបតែដំណើរការថ្មី។ ដោយឡែកវិថីទី៧ ដែលផ្តាច់មុខរបស់លោក គីម ទុកប្រើប្រាស់តែឯងដែរនោះ គឺស្ថិតនៅក្បែរចំណុចកណ្តាលនៃទីក្រុងព្យុងយ៉ាង ហើយកសាងនេះគឺជាផែនការផ្ទាល់របស់លោក គីម ផ្ទាល់ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រប់គ្រងមន្ត្រីក្រោមឱវាទប្រកបដោយប្រសិទ្ធភាព៕