(អ៊ុយក្រែន)៖ ក្រុមហ៊ុន Antonov របស់ប្រទេសអ៊ុយក្រែន ដែលជាអ្នកផលិតយន្តហោះ មានទំហំដ៏ធំជាងគេបង្អស់លើពិភពលោក បានផ្តល់ឱកាសធ្វើជាផ្គត់ផ្គង់យន្តហោះទៅឲ្យអនាគតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិចារណាយកធ្វើជាយន្តហោះប្រធានាធិបតី Air Force One បន្ទប់ពីមហាសេដ្ឋីអចលនទ្រព្យរូបនេះ បានធ្វើការរិះគន់ធ្ងន់ៗ ទៅលើតម្លៃរបស់ក្រុមហ៊ុន Boeing ដែលជាអ្នកផលិតយន្តហោះឲ្យសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៤៣ មកម៉្លេះនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Ukraine Today នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
ក្រុមហ៊ុន Antonov បានសួរទៅកាន់លោក ដូណាល់ ត្រាំ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ដូច្នេះថា «ប្រហែលជាវាប្រសើរជាងបើសិនជាលោក ត្រាំ ពិចារណាក្នុងការយកយន្តហោះរបស់ក្រុមហ៊ុនយើងទៅធ្វើជាយន្តហោះ Air Force One» នៅក្រោយពេលដែលកាលពីថ្ងៃអង្គាសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងថា «ក្រុមហ៊ុន Boeing កំពុងតែផលិតយន្តហោះ Air Force One ថ្មីសម្រាប់អនាគតប្រធានាធិបតីអាមេរិក ប៉ុន្តែក្នុងតម្លៃហួសហេតុពេល គឺដល់ទៅជាង ៤ពាន់លានដុល្លារក្នុងមួយគ្រឿង, លុបចោលការបញ្ជាទិញភ្លាមទៅ!»។
មកទល់ពេលនេះ ក្រុមហ៊ុន Antonov ធ្លាប់បានផលិតយន្តហោះសរុបតែ២០គ្រឿងប៉ុណ្ណោះ ចាប់តាំងតែពីប្រទេសអ៊ុយក្រែនទទួលបាន ឯករាជ្យកាលពីឆ្នាំ១៩៩១ មកហើយក្រុមហ៊ុននេះមានឈ្មោះដ៏ល្បីរន្ទឺគឺដោយសារតែជាអ្នកផលិតយន្តហោះធំជាងគេបំផុតលើលោក ដែលមានឈ្មោះថា «Antonov-225 Mriya» ជាប្រភេទយន្តហោះដឹកជញ្ជូន និងត្រូវបានរចនាឡើងនៅក្នុងផ្នែកនៃកម្មវិធីអវកាសរបស់សហភាពសូវៀត (បច្ចុប្បន្នគឺរុស្ស៊ី)។
គួរបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្តីគេពុំទាន់ឃើញមានការឆ្លើយតបភ្លាមៗ ណាមួយពីសំណាក់លោក ដូណាល់ ត្រាំ នោះឡើយហើយអនាគតប្រធានាធិបតីអាមេរិករូបនេះ៕