(ប៉ាគីស្ថាន)៖ ករណីធ្លាក់យន្តហោះនៅប៉ាគីស្ថាន ! ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរបស់ប៉ាគីស្ថានបញ្ជាក់ថា មនុស្ស៤៧នាក់នៅលើ យន្តហោះដឹកអ្នកដំណើរជើងហោះហើរ PK-661 ស្លាប់ទាំងអស់ គ្មានអ្នកណាម្នាក់នៅរស់រានមានជីវិតនោះទេ។ នេះបើយោងតាមសារព័ត៌មាន អន្តរជាតិធំៗចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines បានទទួលស្គាល់ថា យន្តហោះប៉ាគីស្ថានដឹកអ្នកដំណើរមួយគ្រឿង នៃជើងហោះហើរ PK-661 ជាមួយអ្នកដំណើរ និងសហសេវិកចំនួន៤៧នាក់ បានធ្លាក់នៅថ្ងៃពុធនេះ នៅឯក្បែរទីក្រុង Havelian ស្ថិតតំបន់ភាគខាងជើងនៃប្រទេស ខណៈកំពុងហោះធ្វើដំណើរពីទីក្រុង Chitral ទៅកាន់រដ្ឋធានី Islamabad នៃប្រទេសប៉ាគីស្ថាន។ យន្តហោះនេះបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ៤៖៣០នាទី ម៉ោងនៅក្នុងប្រទេសប៉ាគីស្ថាន៕