Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន ស្វាគមន៍ការតែងតាំងបុរសម្នាក់ជាមិត្តចាស់របស់លោក ស៊ី ជិនពីង ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំទីក្រុងប៉េកាំង

07-12-2016 23:04

(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានសម្ដែងការសារទរ និងស្វាគមន៍ ចំពោះការតែងតាំងអភិបាលរដ្ឋ Iowa​ លោក ធែរី ប្រេនស្តាត (Terrey Branstad) ជាអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំទីក្រុងប៉េកាំង​ ស្របពេលដែលទំនាក់ទំនងការទូតរវាង ប្រទេសទំាងពីរ បានជួបភាពតានតឹងមួយប្រាវ នៅបន្ទាប់ពីប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បាននិយាយ ទូរសព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយសា្ថនីយ៍ទូរទស្សន៍រដ្ឋ ចិន CCTV​ នៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមអ្នកជំនាញមួយចំនួនយល់ថា លោក ដូណាល់ ត្រាំ ជ្រើសរើសយក លោក ធែរី ប្រេន ស្តាត ជាអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំទីក្រុងប៉េកាំង អាចមកពីអភិបាលរដ្ឋ Iowa​ រូបនេះ ធ្លាប់មានទំនាក់ទំនងល្អជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ជុំវិញការតែងតាំងនេះដែរ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានចាត់ទុកថា «លោក ធែរី ប្រេនស្តាត គឺជាមិត្តចាស់របស់ចិន ដូច្នេះទីក្រុងប៉េកាំង សារទរ និងស្វាគមន៍ អគ្គរដ្ឋ ទូតអាមេរិករូបនេះ ហើយសង្ឃឹមថា លោក ធេរី អាចនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ក៏ដូចជាអភវឌ្ឈ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ»

គួររំលឹកថា លោក ធែរី ប្រេនស្តាត ធ្លាប់បានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជាមិត្តម៉ឺនឆ្នាំ នៅក្នុងឱកាស ដែលលោកស៊ី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Iowa កាលពីខែកុម្ភៈ ឆ្នាំ២០១២ ពោលគឺតែ៩ខែប៉ុណ្ណោះ នៅមុនពេល លោកស៊ី ជិនពីង ក្លាយជាប្រធានាធិបតីចិន៕