(ហ្សការតា)៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចឥណ្ឌូណេស៊ីលោកស្រី Khofifah Indar Parawansa បានឲ្យដឹងថាជំនួយផ្សេងៗរួមនិងជនស្ម័គ្រចិត្តចំនួន ៣៣,០០០នាក់នឹងត្រូវបញ្ជូនជាបន្ទាន់ទៅកាន់ខេត្តអាសេ (Aceh) នៅភាគលិចបំផុតនៃប្រទេស ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយ ការរញ្ជួយដ៏កក្រើកនាព្រឹកមិញនេះ ខណៈចំនួនមនុស្សស្លាប់បានកើនដល់ ៩៧នាក់ និងរាប់រយនាក់ផ្សេងទៀតបានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
លោកស្រី Khofifah Parawansa បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងចង់ផ្តល់ការធានាទុកចិត្តថាក្រុមជំនួយស្បៀងអាហាររបស់ពួកយើង នឹងអាចទៅដល់តំបន់ Pidie Jaya បានហើយសូមឲ្យប្រជាជននៅតំបន់នោះកុំមានក្តីព្រួយបារម្ភខ្លាំងថ្វី។ ម៉្យាងវិញទៀតទោះជាមានការលំបាកយ៉ាងណាក្តីយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីយ៉ាងណាបញ្ជូនជំនួយសង្រ្គោះផ្សេងៗ ឲ្យទៅដល់ដៃជនរងគ្រោះដែលកំពុងស្ថិតនៅតំបន់រងការបំផ្លិចបំផ្លាញ ដោយមហន្តរាយធម្មជាតិនេះ» ហើយលោកស្រី Parawansa បានអះអាងថា ជនស្ម័គ្រចិត្តប្រហែលជា ៣៣,០០០នាក់កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់ Pidie Jaya។
កញ្ចប់ជំនួយដំបូងគេ ដែលនឹងទៅដល់តំបន់រងគ្រោះរួមមានអាហារហូបចុក, តង់ស្នាក់នៅបណ្តោះអាសន្ន, និងសម្លៀកបំពាក់ហើយទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយជាតិ ដែលបានរាយការណ៍ថាមកទល់ពេលនេះមនុស្សជិត ១០០នាក់បានស្លាប់ និងរាប់រយនាក់បានទទួលរងរបួសយ៉ាងដំណំ ខណៈជាង១០នាក់ទៀតនៅជាប់ក្រោមគំនរអគារដែលបានដួលរលំជាង ៤០ខ្នងនោះ នឹងចូលរួមសហការជាមួយក្រសួងសង្គមកិច្ច ក៏ដូចជាអាជ្ញាធរប្រចាំតំបន់ ដើម្បីដឹកនាំប្រតិបត្តិជួយសង្រ្គោះជនរងគ្រោះទាំងអស់ ។
នៅព្រឹកមិញនេះ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រដ៏ខ្លាំងក្លាបានវាយប្រហារតំបន់ Pidie Jaya នៅវេលាម៉ោង៥៖០៣នាទីព្រឹក (ម៉ោងក្នុងរដ្ឋធានីហ្សការតា) ដោយចំនុចរំញ័ររបស់វាត្រូវបានគេកំណត់ថាស្ថិតនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Reuleut ដែលស្ថិតនៅភាគឦសាននៃខេត្តអាសេជាមួយនិងជម្រៅ ១៧គីឡូម៉ែត្រ ប៉ុន្តែពុំមានសេចក្តីប្រកាសអាសន្នព្រមានពីរលកយក្សស៊ូណាមិដោយទីភ្នាក់ងារអាកាសធាតុវិទ្យា និងរូបសាស្រ្តផែនដីនៃប្រទេសឥណ្ឌូណេស៊ីនោះឡើយ។
គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីតែងតែបានជួបប្រទះការរញ្ជួយដីនិងបន្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងភូមិសាស្រ្តរបស់ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំទីតាំងដ៏គ្រោះថ្នាក់ដែលគេហៅថា «The Pacific Ring of Fire» ។ កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.២រ៉ិចទ័រ ដ៏សាហាវមួយបានបង្កជារលកយក្សស៊ូណាមិដែលបានវាយប្រហារទៅលើបណ្តាប្រទេសដែលស្ថិតនៅជុំវិញ មហាសមុទ្រឥណ្ឌា ដោយឥណ្ឌូណេស៊ីគឺជាចំនុចដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយសារតែកាលនោះ នៅក្នុងខេត្ត Aceh តែឯងប៉ុណ្ណោះមានចំនួនអ្នកស្លាប់មិនតិចជាង ១២០,០០០នាក់ឡើយ៕