(បាងកក)៖ ក្រសួងការពារជាតិនៃប្រទេសថៃបានឲ្យដឹងថា អាជ្ញាធរថានឹងបើកការស៊ើបអង្កេតទៅលើបណ្តាញសារព័ត៌មាន BBC ដ៏ធំដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសង្ស័យពីបទប្រមាថព្រះមហាក្សត្រពាក់ព័ន្ធនឹងអត្ថបទជាភាសាថៃ ស្តីពីជីវប្រវត្តិរបស់ ព្រះបាទ មហា វិច្ឆិរាឡុងកន ដែលបានបង្កការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមជនរួមជាតិថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
ព្រះបាទ មហា វិច្ឆិរាឡុងកន ដែលជាព្រះរាជទាយាទរបស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានក្លាយជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រថៃកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ សប្តាហ៍មុននេះដោយសារព័ត៌មាន BBC ជាភាសាថៃបានធ្វើការចេញផ្សាយ ជីវប្រវត្តិរបស់ទ្រង់នៅលើបណ្តាញអ៊ីនធឺណែត ហើយនៅពេលអត្ថបទនេះត្រូវបានចែករំលែកពាសពេញបណ្តាញទំនាក់ទំនងសង្គមពលរដ្ឋថៃជាច្រើននាក់បានរិះគន់ខ្លាំងៗទៅលើខ្លឹមសាររបស់វាថាពោរពេញទៅដោយ អត្ថន័យប្រមាថលើព្រះមហាក្សត្រថ្មីរបស់ពួកគេ។
ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោក ប្រាវីត វុងស៊ូវ៉ាន់ (Prawit Wongsuwan) រដ្ឋមន្រ្តីការពារជាតិបានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «អាជ្ញាធរថៃបានរៀបចំនិតិវិធីដើម្បីចាត់ការទៅលើបញ្ហានេះហើយព្រោះថាវាគឺជាភារៈកិច្ចរបស់ពួកគេក្នុងការដោះស្រាយបញ្ហានានាដែលប្រឆាំងទៅនឹងច្បាប់»។ ដោយឡែកនាពេលនេះសារព័ត៌មាន BBC បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញករណីនេះ។
គួរបញ្ជាក់ដែរថា បើយោងតាមសាក្សីជាច្រើនាក់នៅថ្ងៃអង្គារម្សិលមិញនេះ ប៉ូលិសនិងយោធាថៃនៅក្នុងសម្លៀកបំពាក់ស៊ីវិលបានទៅកាន់ការិយាល័យសារព័ត៌មាន BBC នៅឯទីក្រុងបាងកក ប៉ុន្តែដោយសារតែពុំមានវត្តមានបុគ្គលិកនៅក្នុងនោះមន្រ្តីប៉ុន្មានរូបនោះ ក៏បានចាកចេញត្រឡប់ទៅវិញ។ ដោយឡែកលោកមន្រ្តីប៉ូលិសថៃបានអះអាងថាពួកគេ នឹងធ្វើការស៊ើបអង្កេតដោយយោងតាមច្បាប់ការពារស្ថាប័ន្ធព្រះមហាក្សរបស់ជាតិទៅលើខ្លឹមសារដែលមាននៅក្នុងអត្ថបទ ស្តីពីជីវប្រវត្តិរបស់ព្រះបាទ មហា វិច្ឆិរាឡុងកន ព្រះមហាក្សត្រថៃថ្មី៕