(ស៊ីរី)៖ ទីបំផុតនៅថ្ងៃពុធនេះ កងទ័ពរដ្ឋាភិបាលស៊ីរី បានវាយដណ្តើមបានទីក្រុងចំណាស់អាឡេប៉ូ និងជាទីក្រុងដាបដោយឈាមរបស់ជនជាតិស៊ីរី ពីកណ្តាប់ដៃក្រុមឧទ្ទាមដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះហើយ បន្ទាប់ពីធ្វើការប្រយុទ្ធបង្ហូរឈាមគ្នាអស់រយៈពេលជាច្រើនខែ។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
ទីក្រុងអាឡេប៉ូ បានក្លាយជាសមរភូមិប្រយុទ្ធដ៏សាហាវ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ រវាងក្រុមឧទ្ទាមស៊ីរី មាន អាមេរិកនៅពីក្រោយខ្នង និងកងទ័ពរដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រដោយការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំងរុស្ស៊ី កងជីវពលហេសប៊ូលឡា អ៊ីរ៉ង់ និងកងជីវពលស៊ីអ៊ីត។ ដោយឡែកបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី និងប្រភពពីយោធាស៊ីរីកងកម្លំាងរដ្ឋាភិបាលរបស់លោក អាស្សាដ បានដណ្ដើមសង្កាត់ទំាងអស់នៃទីក្រុង អាឡេប៉ូ ខណៈក្រុមឧទ្ទាមបានរត់ភៀសខ្លួនឆ្ពោះ ទៅកាន់ភាគខាងត្បូង។
ប្រភពពីយោធាស៊ីរី បានឱ្យដឹងដូច្នេះថា «ក្រុមឧទ្ទាមរួមទាំងក្រុមភេរវករត្រូវបានបណ្ដេញចេញទាំងស្រុងពីទីក្រុង Old Aleppo (ទីក្រុងចំណាស់អាឡេប៉ូ) នៃខេត្តអាឡេប៉ូ រីឯសត្រូវរបស់យើង ដែលនៅរស់រានមានជីវិតបានរត់ភៀសខ្លួន ឆ្ពោះទៅកាន់បណ្ដាសង្កាត់នៅភាគខាងត្បូងជាទីដែលនៅសេសសល់មូលដ្ឋានរបស់ក្រុមភេរវករមួយចំនួន»។
គួរបញ្ជាក់ថា សង្រ្គាមស៊ីរីផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០០,០០០នាក់ និងច្រើនជាង ២.៣លាននាក់ផ្សេងទៀត បានក្លាយជាជនភៀសខ្លួន។ នេះបើតាមអង្គការសហប្រជាជាតិ៕