(បាងកក)៖ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សចំនួន ០៦នាក់ត្រូវបានបាញ់សម្លាប់ដោយពួកសកម្មប្រយុទ្ធនៅក្នុងករណីបាញ់ប្រហារជាបន្តបន្ទាប់គ្នា នៅខេត្តភាគខាងត្បូងនៃប្រទេសថៃដែលបាន និងកំពុងគ្របដណ្តប់ទៅដោយអំពើហិង្សាឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសថៃ ការបាញ់សម្លាប់ទាំងអស់ខាងលើបានកើតឡើងនៅថ្ងៃអង្គារម្សិលមិញនេះ ខណៈជនរងគ្រោះទីមួយគឺជាមេភូមិម្នាក់ ដែលត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមានគ្រាប់កាំភ្លើងជាប់នឹងក្បាលក្នុងផ្ទះរបស់លោកនៅស្រុកយ៉ារីង នៃខេត្តប៉ាតានីភាគខាងត្បូងប្រទេសថៃ។ ក្រោយមកទៀតប្តីប្រពន្ធមួយគូដែលម្នាក់ជាមន្រ្តីយោធា ត្រូវបានគេបាញ់សម្លាប់នៅពេលដែលអ្នកទាំងពីរកំពុងជិះម៉ូតូនៅក្បែរស្រុកណងជីក (Nongchik) ហើយបន្ទាប់មកនាល្ងាចថ្ងៃដដែលប្រធានភូមិម្នាក់ផ្សេងទៀតព្រមទាំងជនមូស៊្លីមស៊ីវិលម្នាក់ ត្រូវបានបាញ់សម្លាប់បន្ថែមទៀតនៅខេត្តប៉ាតានីដូចគ្នា ប៉ុន្តែក្នុងករណីដាច់ដោយឡែកពីគ្នា ខណៈជនគ្រោះទី០៦ដែលជាជនជាតិមូស្ល៊ីម បានបាត់បង់ជីវិតក្រោមគ្រាប់កាំភ្លើងនៅក្នុងខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ។
ជុំវិញហេតុការណ៍នេះមេបញ្ជាការប៉ូលិសខេត្តប៉ាតានី លោកឧត្តមសេនីយ៍ទោ ថាណងសាក់ វ៉ាងស៊ូផា (Thanongsak Wangsupa) បានជឿជាក់ថាការវាយប្រហារដែលសម្លាប់មនុស្សអស់ចំនួន ០៦នាក់ក្នុងពេលតែមួយថ្ងៃនេះគឺជាការសងសឹកចំពោះ ការចាប់ខ្លួនក្រុមសកម្មប្រយុទ្ធជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃមុននេះ។
គួរបញ្ជាក់ដែរថាការបះបោរនៅភាគខាងត្បូងប្រទេសថៃ បានផ្ទុះឡើងកាលពីឆ្នាំ២០០៤ ហើយចាប់តាំងពីពេលនោះមកមនុស្សប្រមាណជា ៦,៧០០នាក់បានស្លាប់បាត់បង់ជីវិត ដែលភាគច្រើនគឺជាជនស៊ីវិលស្លូតត្រង់ស្ថិតនៅក្នុងការប៉ះទង្គិចគ្នារវាង កងកម្លាំងនៃប្រទេសថៃ និងពួកឧទ្ទាម ខណៈការបំផ្ទុះគ្រាប់បែកក៏ដូចជាការបាញ់សម្លាប់គ្នាស្ទើរតែក្លាយជាទិដ្ឋភាពប្រចាំថ្ងៃសម្រាប់ប្រជាជនថៃនៅតំបន់នោះទៅហើយ៕