(វ៉ាស៊ីនតោន)៖ ប្រការដែលប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន បានបង្កឲ្យកើតមានជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីនយោបាយការបរទេសរបស់មហាសេដ្ឋីអលនទ្រព្យរូបនេះ ដែលកំពុងត្រៀមខ្លួននឹងក្លាយជាមេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក ហើយទង្វើនេះអាចធ្វើឲ្យអាមេរិក ប្រឈមមុខនឹងហនីយខ្ពស់ជុំវិញបញ្ហាសន្តិសុខជាមួយប្រទេសចិននាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
ចាប់តាំងពីចំណងការទូតរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៩ ពុំមានប្រធានាធិបតីអាមេរិក ឬក៏ប្រធានាធិបតីជាប់ឆ្នោតណាម្នាក់ធ្លាប់បានជួបពិភាក្សាទល់មុខគ្នាផ្ទាល់ ឬធ្វើការសន្ទនាតាមរយៈទូរស័ព្ទជាមួយភាគីតៃវ៉ាន់នោះឡើយ ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមគោរពទៅតាម «គោលនយោបាយចិនតែមួយ» របស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលបានចាត់ទុកកោះតៃវ៉ាន់ត្រឹមជាខេត្តមួយនៃប្រទេសចិនតែប៉ុណ្ណោះ ហើយនៅក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះមន្រ្តីកំពូលៗរបស់សហរដ្ឋអាមេរិក ដែលជាពិសេសគឺប្រធានាធិបតីតែម្តងនោះ តែងតែបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការធ្វើយ៉ាងណាក៏ដោយ មិនឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងឆ្នាំ១៩៧៩នេះ ជាមួយភាគីចិនដាច់ខាត។
យ៉ាងណាមិញអ្វីៗបានប្រែប្រួលនៅពេលមហាសេដ្ឋីទីក្រុងញូយ៉ក ដែលនឹងក្លាយជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំបែកប្រពៃណីនេះ ដោយបានសម្រេចចិត្តដោយឯកឯងក្នុងការលូកដៃចូលទំនាក់ទំនងអាមេរិក-តៃវ៉ាន់ ដោយមិនបានផ្តល់ដំណឹងទៅកាន់ឬក៏សួរនាំយោបល់ពីសំណាក់មន្រ្តីការបរទេសអាមេរិក ដែលមានការយល់ដឹងច្បាស់អំពីរឿងប្រវត្តិសាស្រ្តដ៏វែងឆ្ងាយនេះឡើយ។ ប្រទេសចិនអាចនឹងចាត់ទុកការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ និងលោក ត្សៃ អ៉ីងវិន ជាការគំរាមកំហែងមួយដល់ទំនាក់ទំនងរវាងអាមេរិក និងចិនដែលបានខិតខំកសាងជាច្រើនទសវត្សរ៍មកហើយនេះ។
ប៉ុន្តែវាដូចជាឆាប់រហ័សពេកក្នុងការនិយាយថាចិន នឹងបញ្ចេញប្រតិកម្មឆ្លើយតបទៅវិញដោយបោះជំហ៊ានប្រឆាំងនឹងតៃវ៉ាន់ ឬមួយក៏សហរដ្ឋអាមេរិក ដោយមកទល់ពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំងហាក់ដូចជា កំពុងស្តីបន្ទោសទៅលើមេដឹកនាំតៃវ៉ាន់ ជាជាងទៅលើលោក ដូណាល់ ត្រាំ ឬសហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។ ប្រទេសចិនប្រហែលជាបានពិចារណាឃើញថាខ្លួនគួរតែបង្ហាញពីការអត់ធ្មត់ខ្លះដើម្បីជៀសវាងការធ្វើឲ្យរង្គោះរង្គើរនូវទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលជិតចូលកាន់អំណាចដោយឆាប់រហ័សខ្លាំងពេក ទោះបីជាអនាគតប្រធានាធិបតីអាមេរិករូបនេះបានប្រព្រឹត្តនូវទង្វើដែលមិនគួរបានធ្វើយ៉ាងណាក៏ដោយក្តី។
គួរបញ្ជាក់ដែរថាវាមិនជាគោលបំណងរបស់តៃវ៉ាន់នោះឡើយ ដែលចង់ឃើញគោលការណ៍នៃទំនាក់ត្រីភាគី អាមេរិក-ចិន-តៃវ៉ាន់ ត្រូវបានផ្លាស់ប្តូរ ដោយសារប្រទេសចិនមានសារៈសំខាន់ខ្លាំងចំពោះសន្តិសុខរបស់តៃវ៉ាន់ ហើយការទិញដូរសព្វាវុធពីសហរដ្ឋអាមេរិក រួមទាំងការធានាគាំទ្រពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីននៅក្រោមកិច្ចព្រមព្រៀងទំនាក់ទំនងតៃវ៉ាន់ក៏មានតម្លៃដូចគ្នា ទោះបីជាតៃវ៉ាន់ចង់បង្កើតទំនាក់ទំនងកាន់តែប្រសើរឡើង ក៏ដូចជាទទួលបានការគោរព និងទទួលជាអនាគតប្រធានាធិបតីអាមេរិកយ៉ាងណាក្តី៕