(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀតមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារខេត្ត អាសេ (Aceh) ភាគខាងជើងកោះ សូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃពុធនេះ ហើយបានបណ្តាលឲ្យចំនួនមនុស្សស្លាប់កើនដល់យ៉ាងហោចណាស់៥៤នាក់ និងជាង ១០នាក់បន្តនៅជាប់ក្រោមគំនរអគារនៅឡើយ ខណៈអគារជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងមនុស្សជាច្រើនបានទទួលរងរបួស យ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីឆ្នេរភាគខាងឦសាននៃខេត្ត Aceh នាវេលាម៉ោង ៥៖០៣នាទីព្រឹក (ម៉ោងក្នុងទីក្រុងហ្សាការតា) ហើយបើតាមការឲ្យដឹងពីលោក Sutopo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ នៃប្រទេសឥណ្ឌូណេស៊ី ហេតុការណ៍នេះបានធ្វើឲ្យមនុស្សម្នាជាច្រើននាក់មានការភ័យស្លន់ស្លោជាខ្លាំង ខណៈដែលផ្ទះសម្បែងរបស់ពួកគេ បានដួលរលំខ្ទេចខ្ទីគ្មានសល់ជាបន្តបន្ទាប់ ហើយមនុស្សមួយចំនួនតូចបានរងរបួស។ យ៉ាងណាមិញពុំមានសេចក្តីប្រកាសពីរលក យក្សស៊ូណាមិ ដែលបានបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយនេះឡើយ។
គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីតែងតែបានជួបប្រទះការរញ្ជួយដីនិងបន្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងភូមិសាស្រ្តរបស់ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំទីតាំងដ៏ពិសេសដែលគេហៅថា «The Pacific Ring of Fire» ។ កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.២រ៉ិចទ័រ ដ៏សាហាវមួយបានបង្កជារលកយក្សស៊ូណាមិដែលបានវាយប្រហារទៅលើបណ្តាប្រទេសដែលស្ថិតនៅជុំវិញ មហាសមុទ្រឥណ្ឌា ដោយឥណ្ឌូណេស៊ីគឺជាចំនុចដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយសារតែកាលនោះ នៅក្នុងខេត្ត Aceh តែឯងប៉ុណ្ណោះមានចំនួនអ្នកស្លាប់មិនតិចជាង ១២០,០០០នាក់ឡើយ៕