(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀតមានកម្រិត ៦​.៤រ៉ិចទ័រ បានវាយប្រហារខេត្ត អាសេ (Aceh) ភាគខាងជើងកោះសូម៉ាត្រា​នៃប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃពុធនេះ ហើយ​បានបណ្តាល​ឲ្យមនុស្សយ៉ាងហោចណាស់២៥នាក់ស្លាប់ និង ជាង៤០នាក់ជាប់ក្រោមគំនរអគារ ខណៈអគារជាច្រើនខ្នង​ត្រូវ​បាន​​បំផ្លិចបំផ្លាញទាំងស្រុង និងមនុស្សជាច្រើន​បានទទួលរង​របួសយ៉ាងដំណំ។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីឆ្នេរភាគខាងឦសាននៃខេត្ត Aceh នាវេលាម៉ោង ៥៖០៣នាទីព្រឹក (ម៉ោងក្នុងទីក្រុងហ្សាការតា) ហើយបើតាមការឲ្យ​ដឹងពីលោក Sutopo Nugroho អ្នកនាំពាក្យ​ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ​នៃប្រទេសឥណ្ឌូណេស៊ី ហេតុការណ៍នេះបានធ្វើឲ្យមនុស្សម្នាជាច្រើននាក់មានការភ័យស្លន់ស្លោជាខ្លាំង ខណៈដែលផ្ទះសម្បែង​របស់​ពួកគេបានដួលរលំខ្ទេចខ្ទីគ្មានសល់ជាបន្តបន្ទាប់ ហើយមនុស្សមួយចំនួនតូចបានរងរបួស។  យ៉ាងណាមិញ​ពុំមានសេចក្តីប្រកាសពីរលកយក្សស៊ូណាមិ ដែលបានបង្កឡើង​ដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់​មួយនេះឡើយ។

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីតែងតែបានជួបប្រទះការរញ្ជួយដីនិងបន្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងភូមិសាស្រ្តរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំទីតាំងដ៏​ពិសេស​ដែល​​គេហៅថា «The Pacific Ring of Fire» ។ កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.២រ៉ិចទ័រ ដ៏សាហាវមួយបានបង្កជារលកយក្សស៊ូណាមិ​ដែលបានវាយប្រហារទៅលើ​បណ្តាប្រទេស​ដែលស្ថិត​នៅ​ជុំវិញមហាសមុទ្រឥណ្ឌា ដោយឥណ្ឌូណេស៊ីគឺជាចំនុចដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយសារតែកាលនោះ នៅក្នុងខេត្ត Aceh តែឯងប៉ុណ្ណោះមានចំនួនអ្នកស្លាប់មិនតិចជាង ១២០,០០០នាក់ឡើយ៕