(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកមានបំណងកប់ចោល នូវបាយការណ៍ស្ដីពីការចាយវាយថវិកាជាតិដ៏ខ្ជះខ្ជាយសរុបជាង ១២៥ពាន់លានដុល្លារដោយសារខ្លាចរដ្ឋសភាអាមេរិក កាត់បន្ថយកញ្ចប់ថវិកាសម្រាប់វិស័យយោធា។ នេះបើតាមព័ត៌មានពីកាសែត Washington Post ដែលត្រូវបានដកស្រង់មកចុះផ្សាយបន្តដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមរបាយការណ៍កម្រាស់ ៧៧ទំព័រ ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៥ និងត្រូវលាសត្រដាងដោយកាសែត Washington Post ក្រសួងការពារជាតិអាមេរិកបានចាយវាយថវិកាយ៉ាងខ្ជះខ្ជាយ និងមានបំណងបិទបាំងរបាយការណ៍ស៊ើបអង្កេតនេះថែមទៀត។ ដោយឡែកជុំវិញបញ្ហានេះដែរអតីតប្រធានក្រុមប្រឹក្សាការពារជាតិ លោក Robert Stein បាននិយាយថា «ពួកគេ (ក្រសួងការពារជាតិ) បានត្អូញត្អែថាពួកគេគ្មានថវិការគ្រប់គ្រាន់ (....) ហើយយើងបានស្នើឱ្យមានការសន្សំសន្ចៃក្នុងការចាយវាយខណៈថ្នាក់ដឹកនាំក្រសួងការពារជាតិកំពុងព្រួយបារម្ភខ្លាចក្រែងរបាយការណ៍នេះ អាចនឹងធ្វើប៉ះពាល់ដល់ការអនុម័តកញ្ចប់ថវិការជាតិសម្រាប់វិស័យការពារេជាតិរបស់សភាអាមេរិក»។
ទោះជាយ៉ាងនេះក្ដី អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Robert Work បានអះអាងថា របាយការណ៍ខាងលើមិនមែនជាការពិតនោះទេ ហើយវាគ្រាន់តែការលើកឡើងពីក្រុមមនុស្ស ដែលមិនយល់ពីដំណើរប្រព្រឹត្តិទៅរបស់ក្រសួងការពារជាតិអាមេរិកតែប៉ុណ្ណោះ៕