(ឡាប៉ាស់)៖ អាជ្ញាធរប្រទេសបូឡាវីនៅថ្ងៃអង្គារនេះ បានឃាត់ខ្លួននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ LaMia ដែលជាម្ចាស់យន្តហោះដែលបានធ្លាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសកូឡុំប៊ី និងបានផ្តាច់យកជីវិតក្រុមកីឡាករបាល់ទាត់នៃក្លឹប Chapacoense របស់ប្រទេសប្រេស៊ីលស្ទើរតែទាំងអស់។ នេះបើតាមការអះអាងពីរដ្ឋអាជ្ញាបូលីវី ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
លោក Gustavo Vargas ជានាយកប្រតិបត្តិរួមនិងបុគ្គលិកចំនួនពីរនាក់ផ្សេងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានទីតាំងនៅក្នុងប្រទេសបូលីវី ត្រូវបានកម្លាំងប៉ូលិសនាំខ្លួនយកទៅកាន់ការិយាល័យរដ្ឋអាជ្ញានៅឯទីក្រុង Santa Cruz ដើម្បីសួរចម្លើយអាចរហូតដល់ទៅ ០៨ម៉ោងនៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញគ្រោះមហន្តរាយធ្លាក់យន្តហោះ ដែលបានកើតឡើងកាលពីដើមសប្តាហ៍មុននេះ។
គួរបញ្ជាក់ដែរថានៅវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅប្រទេសកូឡុំប៊ី) យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ នៃក្លឹប Chapecoense របស់ប្រេស៊ីលតាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅកាន់ប្រទេសកូឡុំប៊ីបានធ្លាក់នៅតំបន់ភ្នំក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារមូលហេតុអស់ប្រេងសាំងហើយនៅលើយន្តហោះមានផ្ទុកមនុស្សសរុបទាំងអស់ចំនួន ៧៧នាក់ (សហសេវិក០៩នាក់ និងអ្នកដំណើរ ៦៨នាក់)៕