(វ៉ាស៊ីនតោន)៖ មុននឹងបញ្ចប់អាណត្តិជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០ ខែមករា ខាងមុខនេះ លោក បារ៉ាក់ អូបាម៉ា បានផ្ដើមថ្លែងសុន្ទរកថាបង្ហាញពីសាច់ដុំកងទ័ពអាមេរិក ដោយលោកផ្ទាល់បានអះអាងថាក្នុងសម័យបច្ចុប្បន្នកងទ័ពអាមេរិកនៅតែជាកងទ័ពដ៏ខ្លាំងបំផុត ដែលពិភពលោកមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទកថាចំពោះមុខកងទ័ពអាកាសអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស MacDill ក្នុងទីក្រុង Tampa នៃរដ្ឋ Florida កាលពីថ្ងៃអង្គារ លោក អូបាម៉ា បានលើកឡើងដូច្នេះថា «ខ្ញុំជឿថាយើងមិនដែលស្ទាក់ស្ទើរ ឬ រួញរាម្ដងណាឡើយក្នុងការធ្វើប្រតិកម្មឆ្លើយតបរួមមានទាំងសកម្មភាពឯកតោភាគី ដើម្បីប្រឆាំងទប់ទល់នឹងរាល់ការគំរាមកំហែងគ្រប់ទម្រង់មកលើប្រជាជនអាមេរិក ត្បិតសហរដ្ឋអាមេរិកនៅតែមានកងទ័ពដ៏ខ្លាំងបំផុតដែលពិភពលោកមិនធ្លាប់មាន »។
បន្ថែមពីខាងលើនេះដោយលើកឡើងពីសកម្មភាពកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ លោក អូបាម៉ា បានសារទរដែលបច្ចុប្បន្នក្រុមអាល់កៃដា លែងក្លាយជាស្រមោលអន្ទោលតាមប្រាណនៃមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប៉ុន្តែលោកនៅតែអះអាងថាការយកចិត្តទុកដាក់ជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក គឺការកម្ទេចបណ្ដាញភេរវកម្មរបស់ក្រុមអាល់កៃដា និងក្រុម ISIS។
គួរបញ្ជាក់ថាក្នុងនាមជាជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាព លោក បារ៉ាក់ អូបាម៉ា តាមរយៈរដ្ឋាភិបាលរបស់លោកបានដឹកនាំប្រតិបត្តិការរួមមានទំាងយោធានៅឯបរទេសឥតឈប់ឈរក្នុងរយៈពេល០៨ឆ្នាំជាប្រធានាធិបតីអាមេរិកក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ៕