(បាងកក)៖ ព្រះរាជាថ្មីនៃប្រទេសថៃបានតែងតាំងសមាជិកថ្មីចំនួនបីរូប ទៅកាន់ក្រុមប្រឹក្សាជំនិតនៃព្រះមហាក្សត្រនៅថ្ងៃអង្គារនេះ និងបានដកសមាជិកជើងចាស់មូយចំនួនចេញវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងថៃ មន្រ្តីទាំងបីរូបដែលព្រះបាទ មហា វិច្ឆិរាឡុងកន បានសម្រេចតែងតាំងទៅកាន់ក្រុមប្រឹក្សាជំនិត នៃព្រះមហាក្សត្រដែលមានសមាជិកសរុប ១១នាក់នោះរួមមានលោក Paiboon Koomchaya រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោក Dapong Ratanasuwan រដ្ឋមន្រ្តីក្រសួងអប់រំ, និងលោក Teerachai Nakwanich អតីតមេបញ្ជាការកងទ័ពជើងគោករីឯអ្នកដែលត្រូវបានដកចេញពីក្រុមប្រឹក្សាកំពូលនេះវិញ រួមមានប្រធានការិយាល័យទ្រព្យសម្បត្តិរាជវាំងដែលមាននាទីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះរាជាមានតម្លៃដល់ រាប់សិបពាន់លានដុល្លារអាមេរិក និងពីររូបផ្សេងទៀតជាអតីតមេបញ្ជាការយោធា។
«នេះគឺជាវិធានការណ៍ដែលកើតចេញពីគិតគូយ៉ាងហ្មត់ចត់របស់ស្តេចរាមាទី១០ ដែលបង្ហាញសញ្ញានៃការដោះស្រាយបញ្ហាដោយសម្របសម្រួល ខណៈពេលជាមួយគ្នាក៏បានបង្ហាញពីកិត្យានុភាពនៃការបង្គាប់បញ្ជាដោយផ្ទាល់ក្រោមការរជ្ជកាលគ្រប់គ្រងរបស់ព្រះអង្គផងដែរ»។ នេះជាការលើកឡើងរបស់អ្នកវិភាគម្នាក់នៅទីក្រុងបាងកក ដែលបានសុំបដិសេធមិនបញ្ចេញអត្តសញ្ញាណពាក់ព័ន្ធនឹងបញ្ហាដ៏រសើបនេះ ព្រោះថាការបញ្ចេញមតិយោបល់ ឬក៏ពិភាក្សាមិនថាអំពីព្រះរាជាផ្ទាល់, ស្តេចរាជានុសិទ្ធិ, ឬក៏ព្រះរាជទាយាទឡើយ គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយដែលអាចឲ្យអ្នកប្រព្រឹត្តជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំបាន ដោយយោងតាមច្បាប់ការពារស្ថាប័នព្រះមហាក្សត្រនៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ថាព្រះបាទ មហា វិច្ឆិរាឡុងកន ព្រះជន្ម៦៤ព្រះវស្សា បានក្លាយជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រថៃកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ សប្តាហ៍មុននេះ ហើយព្រះអង្គក៏ត្រូវបានប្រជាជនថៃទូទៅស្គាល់ថាជាស្តេចរាមាទី ១០នៃសម័យចក្រី ដែលមានចំណាស់ ២៣៤ឆ្នាំនៅក្រោយពេលដែលព្រះបិតាទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតកាលពីថ្ងៃទី១៣
ខែតុលា នៅក្នុងព្រះជន្ម ៨៨ព្រះវស្សា៕