(ដាម៉ាស)៖ ក្មេងស្រីតូចម្នាក់អាយុ ០៧ឆ្នាំមានឈ្មោះថា Bana Alabed ដែលជាជនជាតិស៊ីរី បានសរសេរសារជាភាសាអង់គ្លេសដោយមានការជួយពីម្តាយរបស់នាង នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដែលអត្ថន័យដ៏រំជួលអាម្មណ៍ទាំងអស់នោះ កំពុងអង្រួនទឹកភ្នែកពិភពលោកទាំងមូលឲ្យមានការអាណិត និងខ្លោចចិត្តចំពោះក្មេងស្រីតូចដែលកំពុងរស់នៅក្នុងប្រទេសដែលតោងទាមដោយសារសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំមកហើយមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ
ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
សារថ្មីបំផុតចុងក្រោយគេនៅលើគណនីរបស់ក្មេងស្រីតូចខាងលើមានអត្ថន័យយ៉ាងដូច្នេះថា «ស្ថិតក្រោមការវាយប្រហារ... គ្មានទីកន្លែងណាដែលអាចភៀសខ្លួនទៅឡើយ ហើយគ្រប់វិនាទីប្រៀប ដូចជាសេចក្តីស្លាប់អ៊ីចឹង។ សូមជួយបន់ស្រន់បួងសួងឲ្យពួកយើងផង.... លាសិនហើយ» ខណៈសារភាគច្រើនរបស់នាងនៅគណនីដែលត្រូវបានបង្កើតឡើងកាលពីចុងខែកញ្ញា លោកស្រី Fatemah ដែលជាម្តាយរបស់ក្មេងស្រីតូចដើម្បីចែករំលែកពីរសជាតិនៃជីវិតរបស់ពួកគេនៅក្នុងទីក្រុងអាឡេប៉ូ ទៅកាន់ពិភពលោកបានដឹង។
ប្រព័ន្ធព័ត៌មាននៅជុំវិញសកលលោក កំពុងតែផ្តោតចំណាប់អារម្មណ៍ខ្លាំងចំពោះគណនីមួយនេះ ហើយមនុស្សគ្រប់រូបដែលមានបេះដូងពុំអាចទប់ចិត្តមិនអាណិតចំពោះក្មេងស្រីដែលមានវ័យក្មេង ដ៏ខ្ចីនេះបានឡើយ។ គួរបញ្ជាក់ដែរថាសង្រ្គាមនៅក្នុងប្រទេសស៊ីរីជាពិសេសនៅទីក្រុងអាឡេប៉ូ បានសម្លាប់ជីវិតប្រជាជនអស់ជាច្រើននាក់ ដោយក្នុងចំណោមនោះមានទាំងស្រ្តី និងកូនក្មេងផងដែរ៕