(ប៉ារីស)៖ ប្រធានាធិបតីបារំាង លោក ហ្រ្វង់ស័រ ហូឡង់ បានសម្រេចតែងតាំងរដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែគណាដ កាហ្សឺណាវ (Bernard Cazeneuve) ជានាយករដ្ឋមន្ត្រីបារំាងថ្មីជំនួសលោក ម៉ានូអ៊ែល វ៉ាល់ (Manuel Valls) ដែលបានលាលែងពីតំណែងដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបារំាង ខាងគណបក្សសង្គមនិយមនៅឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមវិមាន Elysée ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានយល់ព្រមទទួលយកការសុំលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រី របស់លោក ម៉ានូអ៊ែល វ៉ាល់ ដើម្បីបើកផ្លូវឱ្យលោកប្រកាសជាផ្លូវការការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី តំណាងឱ្យគណបក្សសង្គមនិយមស្របពេលលោក ហូឡង់ ផ្ទាល់បានប្រកាសដកខ្លួនជាបេក្ខភាពប្រធានាធិបតីនៅអាណត្តិក្រោយ ហើយដែលការដកខ្លួននេះទៀតសោតត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលដៅកុំឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សរបស់លោក ខណៈលោក ហូឡង់ កំពុងបាត់បង់ប្រជាប្រិយភាពនៅក្នុងចំណោមប្រជាជនបារំាងភាគច្រើន។
គួរបញ្ជាក់ថាលោក ប៊ែគណាដ កាហ្សឺណាវ មានអាយុ ៥៣ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីមហាផ្ទៃកាលពីឆ្នាំ២០១៤ ហើយលោកនឹងត្រូវទទួលបន្ទុកបង្កើត និងដឹកនាំរដ្ឋាភិបាលថ្មីមួយជំនួស លោក ម៉ានូអ៊ែល វ៉ាល់៕