(បាងកក)៖ អាជ្ញាធរថៃបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅភាគខាងត្បូងប្រទេសថៃ បានកើនដល់១៤នាក់ ហើយនៅមុនពេលរដូវកាលដើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមប្រភពពីនាយកដ្ឋានបង្ការគ្រោះមហន្តរាយថៃ គ្រោះទឹកជំនន់ខាងលើបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននៅតាមបណ្តាខេត្តចំនួន ២០ ភាគខាងត្បូងប្រទេសក្នុងនោះរួមមានទាំងកោះ Samui និងកោះ Pha Ngan នៃឈូងសមុទ្រថៃដោយបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណជា ១៥៧,៥៨០គ្រួសារក្នុងស្រុកចំនួន ៦៨ រីឯផ្លូវរថភ្លើងចំនួនបួនខ្សែបាននិងកំពុងជាប់គាំងមិនអាចដំណើរការបាន ខណៈស្រែចំការទំហំ ២,៤០០ហិកតាបានទទួលរងការបំផ្លិចបំផ្លាញ។
គួរបញ្ជាក់ដែរថារដ្ឋាភិបាលថៃបានចេញសេចក្តីណែនាំឲ្យ មជ្ឈមណ្ឌលការពារគ្រោះមហន្តរាយទាំងឡាយធ្វើការឃ្លាំមើល និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរអិលបាក់ដីក៏ដូចជាគ្រោះទឹកជំនន់ដែលកើតមានឡើងនៅក្នុងតំបន់រងគ្រោះហើយត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចាត់ចែងក្រុមប្រតិបត្តិការសង្រ្គោះផ្តល់ជំនួយ ជាសម្ភារៈផ្សេងៗនៅតាមទីតាំងណាដែលត្រូវការជាចាំបាច់។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏បានបញ្ជាឲ្យទីភ្នាក់ងាររបស់រដ្ឋាភិបាល ប្រចាំតំបន់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់ផងដែរ៕