(អាមេរិក)៖ ក្រុមអវកាសយានិកដែលទៅបំពេញបេសកកម្មនៅទីអវកាសដ៏សែនឆ្ងាយ ចាំបាច់ត្រូវតែចេះធ្វើយ៉ាងណាឲ្យបរិមាណនៃធនធានសំខាន់ៗនានា និងយានអវកាសមានតុល្យភាពនឹងគ្នា ដើម្បីឲ្យការធ្វើដំណើររបស់ពួកអាចឈានទៅកាន់ដល់គោលដៅបានយ៉ាងឆាប់រហ័សតាមតែអាចទៅរួច ដូច្នេះហើយនៅពេលដែលនិយាយពីបញ្ហាស្បៀងអាហារវិញ គំរោងការណ៍គឺគេនឹងត្រឡប់ទៅ ធ្វើការដាំដុះនូវអ្វីដែលគេបរិភោគនៅក្នុងលំហរអាកាសតែម្តង ហើយខណៈពេលនេះ «បន្លែសាលាដ» ហាក់ដូចជាអាចដាក់បញ្ចូលទៅក្នុងបញ្ជីរាយមុខម្ហូបសម្រាប់ក្រុមអវកាសយានិកបានហើយ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រស្តីពីវិទ្យាសាស្រ្ត Inverse នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
អវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) លោក Shane Kimbrough ដែលមានតួនាទីទទួលខុសត្រូវលើគំរោងនៃការពិសោធន៍ឈ្មោះថា Veggie កំពុងតែសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ ដោយនាពេលថ្មីៗនេះលោក Kimbrough ទើបតែបានធ្វើការប្រមូលផលជាលើកដំបូងនូវ «បន្លែសាលាដ» ដែលដាំដុះឡើងដោយផ្ទាល់នៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) និងអាចបរិភោគបានជាធម្មតា។
គួរបញ្ជាក់ថានេះគឺជាដំណឹងដ៏ល្អបំផុតមួយសម្រាប់គោលបំណង ដែលចង់បង្កើតប្រភពស្បៀងអាហារប្រកបដោយនិរន្តរភាពមួយ ដើម្បីបញ្ជូនទៅកាន់ភពដទៃៗទៀត ដូចជាភពអង្គារជាដើម ខណៈរុក្ខជាតិសាលាដនេះ គឺបន្លែមួយប្រភេទដែលមានសារៈប្រយោជន៍ច្រើន ហើយនៅក្នុងដំណាក់កាលបន្ទាប់របស់គំរោងនៃការធ្វើពិសោធន៍ Veggie ឬរុក្ខជាតិបន្លែទំនងជានឹងត្រូវប្រើប្រាស់ប្រព័ន្ធកសិកម្មនៅទីអវកាសប្រភេទថ្មីបំផុត ដែលមានសមត្ថភាពក្នុងការផ្តល់ផលបានច្រើន និងប្រសើរជាងមុន៕