(រ៉ូម)៖ ប្រធានាធិបតីអ៉ីតាលី លោក សឺជីអូ ម៉ាតារ៉ែលឡា (Sergio Mattarella) បានឱ្យដឹងថានាយករដ្ឋមន្ត្រី លោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi) នឹងលាលែងពីមុខតំណែងនៅក្រោយពេលកញ្ចប់ថវិកាជាតិ សម្រាប់ឆ្នាំ២០១៧ ត្រូវបានអនុម័តដោយសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ ខាងមុខនេះឬក៏នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
នៅក្រោយពេលលទ្ធផលបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យ បង្ហាញថាប្រជាជនអ៉ីតាលីភាគច្រើនជំទាស់នឹងគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លោក ម៉ាតេអូ រ៉េនហ្ស៊ី បានប្រកាសពីការលាលែងពីមុខតំណែង ដូចដែលលោកធ្លាប់បានសន្យានៅក្នុងយុទ្ធនាការឃោសនារបស់លោក។ នាយករដ្ឋមន្ត្រីអ៉ីតាលីរូបនេះក៏បានធ្វើបទបង្ហាញជាផ្លូវការហើយដែរនូវលិខិតលាលែង នៅចំពោះមុខប្រធានាធិបតី លោក សឺជីអូ ម៉ាតារ៉ែលឡា កាលពីថ្ងៃចន្ទ ម្សិលមិញ។ ដោយឡែកបើតាមលោក ម៉ាតារ៉ែលឡា លោក រ៉េនហ្ស៊ី នឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអ៉ីតាលី នៅបន្ទាប់ពីកញ្ចប់ថវិការជាតិឆ្នាំ២០១៧ ត្រូវបានអនុម័ត។
គួររំលឹកថាគំរោងធ្វើវិសោធនកម្មរបស់លោក ម៉ាតេអូ រ៉េនហ្ស៊ី ដែលមានគោលដៅកាត់បន្ថយអំណាចនៃព្រឹទ្ធសភាជាន់ខ្ពស់និងអាជ្ញាធរតំបន់ត្រូវបានប្រជាជនអ៉ីតាលី ៥៩.១% បោះឆ្នោតជំទាស់ រីឯ៤០% បានបោះឆ្នោតគាំទ្រ៕